(ប៉េកាំង)៖ អ្នកជំងឺម្នាក់ដែលបានឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី (Coronavirus ឬ 2019-nCoV) នៅក្នុងខេត្តគួយចូវ (Guizhou) ភាគខាងត្បូងប្រទេសចិន ត្រូវបានក្រុមគ្រូពេទ្យព្យាបាលឲ្យបានជាសះស្បើយឡើងវិញ កាលពីថ្ងៃពុធម្សិលមិញនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០។
លោក លី ហៃយ៉ាង (Li Haiyang) នាយកមន្ទីរពេទ្យសម្ព័ន្ធភាព នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រគួយចូវ បានបញ្ចេញប័ណ្ណអបអរសាទរមួយ ទៅដល់អ្នកជម្ងឺនៅទីក្រុង គួយយ៉ាង (Guiyang) រូបនេះផងដែរ ប៉ុន្តែលោកមិនមែនជាអ្នកឆ្លងវីរុសកូរ៉ូណាដំបូង ដែលត្រូវបានក្រុមគ្រូពេទ្យចិន ព្យាបាលឲ្យបានជាសះស្បើយ និងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញនោះឡើយ។
កាលពីថ្ងៃទី២៨ ខែមករាកន្លងទៅនេះ បុគ្គលិកពេទ្យចំនួន០៣នាក់ដែលត្រូវបាន រកឃើញថា មានផ្ទុកវីរុសផ្លូវដង្ហើមថ្មី coronavirus (2019-nCoV) ក្នុងតំណាក់កាលដំបូងៗ ត្រូវបានព្យាបាលឲ្យធូរស្រាល និងអាចចេញពីមន្ទីរពេទ្យវិញបាន នៅក្នុងទីក្រុងវូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) តែម្តង។ បន្ថែមពីនេះកាលពីថ្ងៃទី២៧ ខែមករា អ្នកឆ្លងវីរុសកូរ៉ូណាម្នាក់ដំបូងនៅក្នុងខេត្តជាំងស៊ី (Jiangxi) ក៏ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យផងដែរ ក្រោយអការៈបានធូរស្រាល។
ខាងក្រោមនេះគឺជាតួលេខតាមបណ្តាប្រទេស, ទីក្រុង និងកោះជុំវិញពិភពលោក ដែលឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី៖
១៖ ប្រទេសចិន ឆ្លង ៧,៧១១នាក់ ក្នុងនោះស្លាប់ ១៧០នាក់
២៖ ថៃ ១៤ករណី
៣៖ ទីក្រុងហុងកុង ០៨ករណី
៤៖ កោះតៃវ៉ាន់ ០៨ករណី
៥៖ ជប៉ុន ១១ករណី
៦៖ ទីក្រុងម៉ាកាវ ០៧ករណី
៧៖ ម៉ាឡេស៊ី ០៧ករណី
៨៖ សិង្ហបុរី ១០ករណី
៩៖ អូស្ត្រាលី ០៦ករណី
១០៖ សហរដ្ឋអាមេរិក ០៥ករណី
១១៖ បារាំង ០៤ករណី
១២៖ កូរ៉េខាងត្បូង ០៤ករណី
១៣៖ កាណាដា ០៣ករណី
១៤៖ វៀតណាម ០២ករណី
១៥៖ កម្ពុជា ០១ករណី
១៦៖ អាល្លឺម៉ង់ ០៤ករណី
១៧៖ នេប៉ាល់ ០១ករណី
១៨៖ ស្រីលង្កា ០១ករណី
១៩៖ អេមីរ៉ាត់អារ៉ាប់រួម ០១ករណី
តួលេខខាងលើនេះគិតត្រឹមម៉ោង ៨៖៣០នាទីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០៕