(ស៊ីដនី)៖ ការសម្រេចចិត្តរបស់អង់គ្លេស ដោយអនុញ្ញាតឱ្យក្រុមហ៊ុន Huawei បន្តអភិវឌ្ឍបច្ចេកវិទ្យា 5G នៅក្រោមការដាក់កំហិតមួយចំនួន បានជំរុញ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ បន្តព្យាយាមយកឈ្នះឱ្យបានលើបម្រាមស្ដីពីការអភិវឌ្ឍបចេ្ចកវិទ្យា 5G នៅក្នុងប្រទេសអូស្ត្រាលី។ នេះបើតាមមន្ត្រីជាន់ខ្ពស់ម្នាក់របស់ Huawei ដកស្រង់ចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០។
លោក ជែរ៉េមី មីតឈែល (Jeremy Mitchell) ដែលជានាយកកិច្ចសហប្រតិបត្តិការ និងកិច្ចសាធារណៈសម្រាប់ក្រុមហ៊ុន Huawei នៅក្នុងប្រទេសអូស្រ្តាលី ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The Australian ដោយថែមប្រាប់ផងដែរថា លោកធ្លាប់បានជួបជាមួយរដ្ឋមន្ត្រីទំនាក់ទំនងអូស្ត្រាលី លោក ផូល ហ្វ្លេតឆឺ (Paul Fletcher)។ លោក Mitchell បានគូសបញ្ជាក់ដូច្នេះថា «យើងបានជួបជាមួយលោករដ្ឋមន្ត្រីកាលពីឆ្នាំ២០១៩ ហើយលោកបានបញ្ជាប់ប្រាប់ពួកយើងយ៉ាងច្បាស់ថា គោលនយោបាយ 5G របស់រដ្ឋាភិបាលអូស្រ្តាលី គឺមិនមានលក្ខណៈជាក់លាក់សម្រាប់អ្នកលក់ ហើយក៏មានចុចចំឈ្មោះថា ប្រទេសណានោះដែរ... ដូច្នេះយើងចង់បន្តជួបជាមួយពួកគេ ខណៈការសម្រេចចិត្តរបស់អង់គ្លេស នឹងផ្ដល់នូវទស្សនៈល្អលើអ្វីដែលពួកគេបានតម្រូវ និងគោលការណ៍ដែលពួកគេបានដាក់»។
គួរជម្រាបថា នៅក្នុងសប្ដាហ៍នេះរដ្ឋាភិបាលអង់គ្លេស បានសម្រេចចិត្តអនុញ្ញាតឱ្យក្រុមហ៊ុន Huawei បន្តអភិវឌ្ឍបច្ចេកវិទ្យា 5G នៅក្នុងប្រទេសរបស់ខ្លួន តែមានព្រំដែនកំណត់ ជាមួយការហាមឃាត់ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយចូលរួម ឬពាក់ព័ន្ធនឹងបណ្ដាញ ឬបច្ចេកវិទ្យាសំខាន់របស់អងគ្លេស ក៏ដូចជាមិនត្រូវតម្លើង ឬអភិវឌ្ឍប្រព័ន្ធ 5G នៅក្បែរមូលដ្ឋានទ័ពឡើយ។ ក៏ប៉ុន្តែសហរដ្ឋអាមេរិក ដែលធ្លាប់ស្នើឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនទាំងអស់ កុំប្រើប្រាស់បរិក្ខា និងបច្ចេកវិទ្យារបស់ Huawei បានស្នើឱ្យទីក្រុងឡុងដ៍ពិចារណាឡើងវិញជាថ្មី៕