(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងបានសម្រេចថា នឹងបញ្ជូនយន្តហោះទៅដឹកប្រជាជន ដែលមានស្រុកនៅកំណើតនៅខេត្តហ៊ូប៉ី (Hubei) ពីបណ្តាប្រទេសនានា ត្រឡប់មកវិញឲ្យបានលឿនបំផុតតាមដែលអាចទៅរួច ខណៈប្រទេសមួយចំនួន បានសម្រេចផ្អាកជើងហោះហើរជាមួយចិន ដែលជាហេតុធ្វើឲ្យប្រជាជនចិនទាំងនោះ មិនអាចត្រឡប់មកប្រទេសកំណើតវិញបាន។ នេះបើតាមការចេញផ្សាយដោយ CNA រសៀលថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០នេះ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួ ជុនយីង (Hua Chunying) បានលើកឡើងក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងប៉េកាំងយ៉ាងដូច្នេះថា «វាពិតជាភាពលំបាកសម្រាប់ប្រជាជនហ៊ូប៉ី (Hubei) ជាពិសេសអ្នកដែលមានស្រុកកំណើតនៅ វូហាន (Wuhan)។ ចិននឹងបញ្ជូនយន្តហោះពិសេស ទៅនាំយកប្រជាជនទាំងនោះត្រឡប់មកវិញ ឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅរួច...»។
គួរបញ្ជាក់ថា ការប្រកាសរបស់ក្រសួងការបរទេសចិនខាងលើនេះ បានកើតមានឡើងបន្ទាប់ពីបណ្តាប្រទេសជាច្រើនរួមមាន សហរដ្ឋអាមេរិក ថៃ សិង្ហបុរី វៀតណាម និងបណ្តាប្រទេសមួយចំនួនទៀតនៅអឺរ៉ុបបានសម្រេចថា នឹងផ្អាកជើងហោះហើរ ទៅ-មកប្រទេសចិន ដោយសារតែការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី កាន់តែធ្ងន់ធ្ងរ ហើយវាក៏បានធ្វើឲ្យជនជាតិចិនជាច្រើនត្រូវជាប់គាំង មិនអាចត្រឡប់មកផ្ទះវិញបានផងដែរ។
ទោះបីជាបែបនេះក្តី ក្រសួងការបរទេសចិនមិនបានបញ្ជាក់អំពីចំនួនច្បាស់លាស់ និងបណ្តាប្រទេសណាខ្លះ ដែលចិនគ្រោងបញ្ជូនយន្តហោះ ទៅដឹកប្រជាជនខ្លួនត្រឡប់មកវិញនោះឡើយ។ បច្ចុប្បន្នអ្នកស្លាប់ដោយសារ វីរុសកូរ៉ូណាថ្មីបានកើនឡើងដល់ ២១៣នាក់ហើយ និងបានឆ្លងដល់មនុស្ស ៩,៦៨៩នាក់នៅប្រទេសចិន និងច្រើនជាង ៩០ករណីទៀតនៅទូទាំងពិភពលោក។
ខាងក្រោមនេះគឺជាតួលេខនៃចំនួនអ្នកស្លាប់ និងឆ្លងវីរុសកូរ៉ូណាថ្មី ព្រមទាំងប្រទេស និងតំបន់នានាទូទាំងពិភពលោកដែលមានវត្តមានវីរុសដ៏កាចសាហាវនេះ
១៖ ប្រទេសចិនឆ្លង ៩,៦៨៩ករណី និងបាត់បង់ជីវិត ២១៣នាក់
២៖ ទីក្រុងហុងកុង ១៥ករណីឆ្លង
៣៖ ប្រទេសជប៉ុន ១៤ករណីឆ្លង
៤៖ ប្រទេសថៃ ១៤ករណីឆ្លង
៥៖ ប្រទេសសិង្ហបុរី ១៣ករណីឆ្លង
៦៖ ប្រទេសអូស្ត្រាលី ០៩ករណីឆ្លង
៧៖ កោះតៃវ៉ាន់ ០៩ករណីឆ្លង
៨៖ ប្រទេសម៉ាឡេស៊ី ០៨ករណីឆ្លង
៩៖ ទីក្រុងម៉ាកាវ ០៧ករណីឆ្លង
១០៖ ប្រទេសកូរ៉េខាងត្បូង ០៧ករណីឆ្លង
១១៖ ប្រទេសបារាំង ០៦ករណីឆ្លង
១២៖ សហរដ្ឋអាមេរិក ០៦ករណីឆ្លង
១៣៖ ប្រទេសអាល្លឺម៉ង់ ០៥ករណីឆ្លង
១៤៖ ប្រទេសវៀតណាម ០៥ករណីឆ្លង
១៥៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ០៤ករណីឆ្លង
១៦៖ ប្រទេសកាណាដា ០៣ករណីឆ្លង
១៧៖ ប្រទេសអ៊ីតាលី ០២ករណីឆ្លង
១៨៖ ប្រទេសកម្ពុជា ០១ករណីឆ្លង
១៩៖ ប្រទេសហ្វាំងឡង់ ០១ករណីឆ្លង
២០៖ ប្រទេសឥណ្ឌា ០១ករណីឆ្លង
២១៖ ប្រទេសនេប៉ាល់ ០១ករណីឆ្លង
២២៖ ប្រទេសហ្វីលីពីន ០១ករណីឆ្លង
២៣៖ ប្រទេសស្រីលង្កា ០១ករណីឆ្លង
គិតត្រឹមវេលាម៉ោង ១៖០០នាទីរសៀលថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០៕