(បារាំង)៖ ក្រសួងសុខាភិបាលបារាំងបានប្រកាសឲ្យដឹងថា មនុស្ស ២០នាក់ក្នុងចំណោម ២៥០នាក់ ដែលត្រូវបានជម្លៀសពីទីក្រុងវូហាន (Wuhan) ភាគកណ្តាលប្រទេសចិន ត្រឡប់មកដល់ទឹកដីបារាំងនោះ ពួកគេកំពុងតែបង្ហាញរោគសញ្ញានៃវីរុសផ្លូវដង្ហើម កូរ៉ូណាប្រភេទថ្មី (novel coronavirus ឬ 2019-nCoV) ប៉ុន្តែក្រុមគ្រូពេទ្យជំនាញ ត្រូវការពេលវេលាបន្តទៀត ដើម្បីពិនិត្យអំពីស្ថានភាពសុខភាពពួកគេសិន។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។
ជុំវិញបញ្ហាខាងលើនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំងលោកស្រី អាញែស ប៊ូហ្ស៊ីន (Agnes Buzyn) បានប្រាប់អ្នកកាសែតនានា នៅអាកាសយានដ្ឋានអ៊ីស្ត្រែស (Istres) នៃភាគខាងត្បូងប្រទេសបារាំងយ៉ាងដូច្នេះថា «មនុស្សប្រមាណ ២០នាក់បានបង្ហាញរោគសញ្ញា (វីរុសកូរ៉ូណាថ្មី) និងត្រូវបានដាក់ឲ្យស្នាក់នៅក្នុងកន្លែងមួយ នៃព្រលានយន្តហោះសិន។ ពួកគេទាំងនោះមានជនជាតិបារាំង និងជនជាតិដទៃៗទៀត (មិនមែនជាជនជាតិអឺរ៉ុប)»។
គួរបញ្ជាក់ថា ក្រុមជំនាញបារាំងកំពុងតែពិនិត្យមនុស្សទាំង ២០នាក់នោះជាបន្តទៀត ដើម្បីឲ្យប្រាកដច្បាស់ថា តើពួកគេពិតជាបានឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី ដែរឬមួយក៏អត់ ខណៈបច្ចុប្បន្នមានអ្នកផ្ទុកវីរុសនេះនៅបារាំង ០៦នាក់។ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី០៣ ខែកុម្ភៈនេះ មនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី 2019-nCoV បានកើនឡើងដល់ ៣៦០នាក់ និងឆ្លងជាង ១៧,២០០នាក់ហើយ។
អាជ្ញាធរបារាំងបានបង្ហើបទៀតថា យន្តហោះខាងលើនេះ គឺជាជើងហោះហើរទីពីរហើយ ដែលបានបារាំងបានបញ្ជូនទៅជម្លៀសមនុស្សពីទីក្រុងវូហាន របស់ប្រទេសចិន ដោយក្នុងចំណោមមនុស្ស ២៥០នាក់នោះមានរហូតដល់ទៅ ៣០ជាតិសាស្ត្រផ្សេងៗគ្នា។ សម្រាប់អ្នកដែលត្រូវបានពិនិត្យឃើញថា គ្មានសញ្ញាសង្ស័យអ្វីនោះ ពួកគេអាចត្រឡប់ទៅផ្ទះបាន ប៉ុន្តែអ្នកដែលត្រូវបានគេសង្ស័យ នោះនឹងត្រូវស្នាក់នៅទីកន្លែងពិសេស ដើម្បីតាមដានសុខភាពរយៈពេល១៤ថ្ងៃ៕