(ប៉េកាំង)៖ នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះអាជ្ញាធរសុខាភិបាលចិន បាន ប្រកាសថា អ្នកឆ្លងវីរុសកូរ៉ូណាសរុប ៤៧៥នាក់ហើយ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយពួកគេបានជាសះស្បើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
គណៈកម្មការសុខាភិបាលជាតិចិន (NHC) បានបញ្ជាក់ថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ មានអ្នកជំងឺជាសះស្បើយពីវីរុសកូរ៉ូណាថ្មី ១៤៧នាក់បន្ថែមទៀត បានចាកចេញពីមន្ទីរពេទ្យ នៅទូទាំងប្រទេសចិនក្នុងនោះ ៨០នាក់ស្ថិតនៅក្នុងខេត្តហ៊ូប៉ី រួមទាំងទីក្រុងវូហាន ដែលជាកន្លែងវីរុសកូរ៉ូណាថ្មីបាននិងកំពុងផ្ទុះឡើងយ៉ាងខ្លាំងក្លាបំផុត។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃចន្ទនេះដែរ អាជ្ញាធរចិនបានប្រកាសពីចំនួនមនុស្សស្លាប់ ដែលបានកើនឡើង ដល់ ៣៦១នាក់ និងឆ្លងសរុប ១៧,២០៥នាក់ នៅក្នុងបណ្តាខេត្ត និងតំបន់ស្វយ័តចិនចំនួន ៣១៕