(វូហាន)៖ ចិនបានសាងសង់មន្ទីរពេទ្យបណ្ដោះអាសន្ន ដែលមានគ្រែចំនួនជាង ១,០០០ ដោយចំណាយពេលតែ ០៨ថ្ងៃប៉ុណ្ណោះ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ដែលផ្ទុះឡើងដំបូងចេញពីទីក្រុងវូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។
មន្ទីរពេទ្យ ហួសិនសាន (Huoshenshan) នៅក្នុងទីក្រុងវូហាន ត្រូវបានសង់រួចជាស្ថានពរកាលពីថ្ងៃអាទិត្យ ហើយនឹងចាប់ផ្ដើមដំណើរការ ព្យាបាលអ្នកជំងឺឆ្លងវីរុសកូរ៉ូណានៅថ្ងៃចន្ទនេះ។ គិតជាសរុប បុគ្គលិកពេទ្យយោធា ១,៤០០នាក់នឹងត្រូវបម្រើការនៅក្នុងមន្ទីរពេទ្យនេះ ខណៈមន្ទីរពេទ្យធំមួយទៀត ឡៃសិនសាន (Leishenshan) ក៏នឹងត្រូវបញ្ចប់ការសាងសង់នៅថ្ងៃពុធសប្ដាហ៍នេះដែរ។
គួរបញ្ជាក់ថា ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ចិនបានសាងសង់មន្ទីរពេទ្យបណ្ដោះអាសន្នចំនួនពីរគឺ មន្ទីរពេទ្យ Huoshenshan និងមន្ទីរពេទ្យ Leishenshan ចាប់តាំងពីថ្ងៃទី២៣ ខែមករា មកម្ល៉េះ។ ចំនួនអ្នកសា្លប់ដោយសារវីរុសកូរ៉ូណា នៅប្រទេសចិនបានកើនដល់ ៣៦១នាក់ហើយ និងច្រើនជាង ១៧,២០៩នាក់បានឆ្លង ហើយក្នុងនោះ ៤៧៥នាក់ បានត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ ការឆ្លងបានកើតមានឡើងនៅខេត្ត និងតំបន់ស្វយ័តចំនួន ៣១របស់ចិន ប៉ុន្តែទីក្រុងវូហាន និងខេត្តហ៊ូប៉ី នៅតែជាកន្លែងដែលការឆ្លង និងស្លាប់ច្រើនបំផុត៕