(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បានទទួលស្គាល់ថាស្ត្រីជាពលរដ្ឋកូរ៉េខាងត្បូងម្នាក់ ត្រូវបានគេធ្វើតេស្ដរកឃើញថាបានឆ្លង វីរុសកូរ៉ូណាថ្មី បន្ទាប់ពីត្រឡប់មកពីធ្វើទេសចរកម្សាន្ត នៅក្នុងប្រទេសថៃ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់១៦នាក់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។
ស្ត្រីខាងលើមានអាយុ៤២ឆ្នាំ បានត្រឡប់មកកាន់ប្រទេសកូរ៉េខាងត្បូង វិញ កាលពីថ្ងៃ១៩ ខែមករា កន្លងទៅ ក្រោយធ្វើដំណើរកម្សាន្ត នៅក្នុងប្រទេសថៃ។ ស្ត្រីរូបនេះ បានបង្ហាញរោគសញ្ញាគួរឱ្យសង្ស័យ កាលពីថ្ងៃទី២៥ ខែមករា ហើយមកទល់នឹងថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ស្ថានភាពរោគសញ្ញានេះ មិនបានធូរស្រាលឡើយ រហូតដល់មានការធ្វើតេស្ដនៅឯមន្ទីរពេទ្យ Chonnam National University Hospital បញ្ជាក់ជាផ្លូវការនៅថ្ងៃអង្គារនេះ ថារូបគាត់បានឆ្លងវីរុសកូរ៉ូណា។
ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសចិនបានកើនដល់ ៤២៥នាក់ហើយ ២០,៤៣៨នាក់បានឆ្លង។ ខាងក្រោមនេះគឺជាតួលេខនៃចំនួនអ្នកស្លាប់ និងឆ្លងវីរុសកូរ៉ូណា 2019-nCoV នៅតាមប្រទេស និងតំបន់នានាទូទាំងពិភពលោក៖
១៖ ប្រទេសចិនឆ្លង ២០,៤៣៨ករណី និងបាត់បង់ជីវិត ៤២៥នាក់
២៖ ទីក្រុងហុងកុង ១៥ករណីឆ្លង និងស្លាប់ម្នាក់
៣៖ ទីក្រុងម៉ាកាវ ០៨ករណីឆ្លង
៤៖ កោះតៃវ៉ាន់ ១០ករណីឆ្លង
៥៖ ប្រទេសជប៉ុន ២០ករណីឆ្លង
៦៖ ប្រទេសថៃ ១៩ករណីឆ្លង
៧៖ ប្រទេសសិង្ហបុរី ១៨ករណីឆ្លង
៨៖ ប្រទេសកូរ៉េខាងត្បូង ១៦ករណីឆ្លង
៩៖ ប្រទេសអូស្ត្រាលី ១២ករណីឆ្លង
១០៖ សហរដ្ឋអាមេរិក ១១ករណីឆ្លង
១១៖ ប្រទេសអាល្លឺម៉ង់ ១២ករណីឆ្លង
១២៖ ប្រទេសម៉ាឡេស៊ី ០៨ករណីឆ្លង
១៣៖ ប្រទេសវៀតណាម ០៨ករណីឆ្លង
១៤៖ ប្រទេសបារាំង ០៦ករណីឆ្លង
១៥៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ០៥ករណីឆ្លង
១៦៖ ប្រទេសកាណាដា ០៤ករណីឆ្លង
១៧៖ ប្រទេសអ៊ីតាលី ០២ករណីឆ្លង
១៨៖ ចក្រភពអង់គ្លេស ០២ករណីឆ្លង
១៩៖ ប្រទេសរុស្ស៉ី ០២ករណីឆ្លង
២០៖ ប្រទេសកម្ពុជា ០១ករណីឆ្លង
២១៖ ប្រទេសនេប៉ាល់ ០១ករណីឆ្លង
២២៖ ប្រទេសហ្វីលីពីន ០២ករណីឆ្លង និងស្លាប់ម្នាក់
២៣៖ ប្រទេសស្រីលង្កា ០១ករណីឆ្លង
២៤៖ ប្រទេសឥណ្ឌា ០៣ករណីឆ្លង
២៥៖ ប្រទេសហ្វាំងឡង់ ០១ករណីឆ្លង
២៦៖ ប្រទេសស៊ុយអែត ០១ករណីឆ្លង
២៧៖ ប្រទេសអេស្ប៉ាញ ០១ករណីឆ្លង
តួលេខខាងលើ គឺគិតត្រឹមម៉ោង ១៖០៣នាទីរសៀលថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០៕