(ប៉េកាំង)៖ របាយការណ៍ផ្លូវការពីអាជ្ញាធរចិន ដែលបានចេញនៅព្រឹកថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ នេះបានឲ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាថ្មី 2019-nCoV បានកើនឡើងដល់ ៤៩០នាក់ហើយ ខណៈមនុស្សរហូតដល់ ២៤,៣២៤នាក់បានឆ្លង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ។
សម្រាប់រយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញនេះ មនុស្សសរុប ៦៥នាក់បន្ថែមទៀតបានស្លាប់ និងករណីឆ្លងវីរុសកូរ៉ូណាថ្មី ៣,៨៨៧នាក់បន្ថែមទៀត ត្រូវបានបញ្ជាក់ដោយក្រុមគ្រូពេទ្យនៅក្នុងបណ្តាខេត្ត និងតំបន់ ៣១ ទូទាំងប្រទេសចិន។ សម្រាប់មនុស្សស្លាប់បន្ថែមទៀតនេះ គឺស្ថិតនៅក្នុងខេត្តហ៊ូប៉ី (Hubei) និងទីក្រុងវូហាន (Wuhan) ទាំងអស់ ជាទីដែលរដ្ឋាភិបាលចិនកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា កាន់តែខ្លាំងឡើងៗ។
គួរបញ្ជាក់ថា ក្រៅពីចិនដីគោក ទីក្រុងហុងកុងមានមនុស្សស្លាប់ម្នាក់ និងប្រទេសហ្វីលីពីនក៏មានមនុស្សស្លាប់ម្នាក់ដូចគ្នា ដោយសារតែវីរុសកូរ៉ូណាថ្មីនេះ ហើយពួកគេសុទ្ធតែមានប្រភពពីទីក្រុងវូហានទាំងអស់៕