(ប៉េកាំង)៖ អ្នកឆ្លងវីរុសកូរ៉ូណាថ្មី 2019-nCoV សរុបចំនួន ៨៩២នាក់ហើយ ត្រូវបាន ក្រុមគ្រូពេទ្យព្យាបាល ឲ្យជាសះស្បើយ និងត្រឡប់ទៅផ្ទះវិញ ខណៈចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៤៩០នាក់ និងរហូតដល់ ២៤,៣២៤នាក់បានឆ្លងនៅក្នុងបណ្តាខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។
របាយការណ៍បានបន្តទៀតថា គិតត្រឹមព្រឹកថ្ងៃពុធនេះអ្នកជំងឺ ៤៣១នាក់ធ្លាក់់ខ្លួនឈឺធ្ងន់បន្ថែមទៀត ខណៈអ្នកជំងឺ ៣,២១៩នាក់ទៀត នៅតែបន្តស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ និង ២៣,២៦០នាក់កំពុងទទួលការអង្កេតនៅឡើយ ដើម្បីរកមើលថាពួកគេមានផ្ទុកវីរុសកូរ៉ូណាថ្មី ឬមួយក៏អត់។
គួរបញ្ជាក់ថា គិតចាប់តាំងពីការផ្ទុះវីរុសកូរ៉ូណាថ្មីដំបូងកាលពីចុងឆ្នាំ២០១៩ មនុស្សប្រមាណ ២៥២,១៥៤នាក់ហើយត្រូវបានក្រុមគ្រូពេទ្យ ធ្វើការពិនិត្យរកវីរុសកូរ៉ូណាថ្មីនៅទូទាំង ប្រទេសចិន។ ក្រៅពីចិនដីគោក ទីក្រុងហុងកុងមានមនុស្សស្លាប់ម្នាក់ និងប្រទេសហ្វីលីពីនក៏មានមនុស្សស្លាប់ម្នាក់ដូចគ្នា ដោយសារតែវីរុសកូរ៉ូណាថ្មីនេះ ហើយពួកគេសុទ្ធតែមានប្រភពពីទីក្រុងវូហានទាំងអស់៕