(យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) បានបង្ហាញក្ដីព្រួយបារម្ភយ៉ាងខ្លាំង ពីលទ្ធភាពនៃការផ្ទុះឡើងនូវទង្វើរើសអើង ប្រឆាំងនឹងក្រុមមនុស្សមួយចំនួន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។
លោក Guterres ធ្វើការកត់សម្គាប់បែបនេះ កំឡុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃអង្គារសប្ដាហ៍នេះ។ ស្ថិតក្នុងឱកាសនោះ ប្រមុខដឹកនាំអង្គការសហប្រជាជាតិ រូបនេះបានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាពិតជាងាយស្រួល ក្នុងការចូលទៅកាន់ទស្សនៈ ដែលមាននិន្ននាការបែបរើសអើង... ប៉ុន្តែនិន្ននាការទាំងនេះ គឺរំលោភលើសិទ្ធិមនុស្ស ហើយវានឹងនាំទៅរកការមើលងាយជនគ្មានកំហុស ដោយសារតែជាតិសាសន៍របស់ពួកគ»។
សម្រាប់ការលើកឡើងដូចខាងលើនេះ លោក Guterres មិនបានបញ្ជាក់ឱ្យចំៗ ពីការរើសអើងបង្កឡើងដោយវីរុសកូរ៉ូណាឡើយ តែបច្ចុប្បន្នការរើសអើងមួយចំនួន ត្រូវបានគេរាយការណ៍កើតមានឡើងជាពិសេសលើជនជាតិចិនតែម្តង។
គួរជម្រាបថា ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាថ្មី 2019-nCoV បានកើនឡើងដល់ ៤៩០នាក់ហើយ ខណៈមនុស្សរហូតដល់ ២៤,៣២៤នាក់បានឆ្លងគិតត្រឹមថ្ងៃពុធនេះ។ ដោយឡែកជនជាតិចិន ៨៩២នាក់ផ្សេងទៀតក៏បានចាកចេញពីមន្ទីរពេទ្យផងដែរ ក្រោយពួកគេជាសះស្បើយពីជំងឺបង្កឡើងដោយវីរុសកូរ៉ូណាថ្មី ដែលកំពុងកើតឡើងនៅខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន ជាពិសេសនៅខេត្តហ៊ូប៉ី និងទីក្រុងវូហាន៕