(ប៉េកាំង)៖ អាជ្ញាធរចិនទើបតែបានបញ្ចេញរបាយការណ៍ថ្មី នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះឲ្យដឹងថា ចំនួនអ្នកជំងឺដែលបានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញនោះ បានកើនឡើងដល់ ១,១៥៣នាក់ហើយ ខណៈកាលពីថ្ងៃពុធម្សិលមិញនេះ មានអ្នកជាសះស្បើយបន្ថែមទៀតរហូតដល់ ២៦១នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ។
មនុស្សសរុប ៥៦៣នាក់ហើយបានស្លាប់ និង ២៨,០១៨នាក់ឆ្លងវីរុសកូរ៉ូណាថ្មី នៅទូទាំងខេត្ត និងតំបន់ចំនួន ៣១ របស់ប្រទេសចិន គិតតាមតួលេខនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ចេញផ្សាយដោយគណៈកម្មការសុខាភិបាលចិន ដែលតែងតែធ្វើឡើងជាប្រចាំថ្ងៃ។ កាលពីថ្ងៃពុធមនុស្ស ៧៣នាក់បន្ថែមទៀតបានស្លាប់ក្នុងនោះ ៧០នាក់នៅខេត្តហ៊ូប៉ី (Hubei), ម្នាក់នៅទីក្រុងធានជិន (Tianjin), ម្នាក់នៅខេត្តហៃឡុងជាំង (Heilongjiang) និងម្នាក់ទៀតនៅគួយចូវ (Guizhou)។
គួរបញ្ជាក់ថា អ្នកជំងឺឆ្លងវីរុសកូរ៉ូណាថ្មី (Coronavirus ឬ 2019-nCoV) ដែលត្រូវបានរកឃើញនៅតាមបណ្តាប្រទេសនានា និងតំបន់ក្រៅពីចិនដីគោក ក៏ត្រូវបានក្រុមគ្រូពេទ្យព្យាបាលឲ្យបានជាសះស្បើយជាបណ្តើរៗផងដែរ ខណៈមនុស្សស្លាប់ក្រៅពីចិនដីគោកគឺមានពីរនាក់ ក្នុងនោះម្នាក់នៅប្រទេសហ្វីលីពីន និងម្នាក់ទៀតនៅទីក្រុងហុងកុង៕