(ប៉េកាំង)៖ គណៈកម្មការសុខាភិបាលចិនបានប្រកាសឲ្យដឹងថា ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី នៅតាមបណ្តាខេត្ត និងតំបន់នានាក្រៅពីខេត្តហ៊ូប៉ី (Hubei) មានចំនួនធ្លាក់ចុះ នៅក្នុងរយៈពេល ៦ថ្ងៃជាប់ៗគ្នា ដែលនេះជាក្តីសង្ឃឹមមួយក្នុងការប្រយុទ្ធប្រឆាំង ការរីករាលដាលនៃវីរុសផ្លូវការដង្ហើមដ៏កាចសាហាវមួយនេះ នៅទូទាំងប្រទេសចិន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០។
បើតាមរបាយការណ៍ថ្មី ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីនៅតាមបណ្តាខេត្ត និងតំបន់ក្រៅពីខេត្ត Hubei បានកើនឡើងបន្ថែម ៤៤៤នាក់ទៀតកាលពីថ្ងៃអាទិត្យម្សិលមិញ ដែលជាចំនួនធ្លាក់ចុះគួរឲ្យកត់សម្គាល់ នៅក្នុងរយៈពេលនៃការអង្កេត ០៦ថ្ងៃជាប់ៗគ្នា ឬស្មើនឹងការធ្លាក់ចុះជាងពីរដង បើធៀបនឹងថ្ងៃចន្ទដើមសប្តាហ៍មុន ដែលមានអ្នកឆ្លងថ្មីៗរហូតដល់ចំនួន ៨៩០ករណីនៅតំបន់នានាក្រៅពីខេត្ត Hubei។
សម្រាប់តួលេខជាក់លាក់នោះ គឺកាលពីសប្តាហ៍មុននេះថ្ងៃចន្ទមានករណីឆ្លងថ្មី ៨៩០ករណី, ថ្ងៃអង្គារ ៧៣១ករណី, ថ្ងៃពុធ ៧០៧ករណី, ថ្ងៃព្រហស្បតិ៍ ៦៩៦ករណី, ថ្ងៃសៅរ៍ ៥៥៨ករណី, ថ្ងៃសៅរ៍ ៥០៩ករណី និងថ្ងៃអាទិត្យម្សិលមិញនេះ ៤៤៤ករណី។
គួរបញ្ជាក់ថា សម្រាប់តួលេខចុងក្រោយ ដែលត្រូវបានបញ្ចេញដោយអាជ្ញាធរចិន នៅព្រឹកថ្ងៃចន្ទនេះមនុស្សសរុប ៩០៨នាក់បានស្លាប់ និង ៤០,១៧១ឆ្លងវីរុសកូរ៉ូណាថ្មី (Coronavirus ឬ 2019-nCoV) នៅតាមបណ្តាខេត្តព្រមទាំងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន។ នៅក្នុងទីក្រុង វូហាន (Wuhan) ដែលជាចំណុចផ្ទុះដំបូង និងខ្លាំងបំផុតនៃវីរុសកូរ៉ូណាថ្មីនោះ អាជ្ញាធរកំពុងតែអំពាវនាវឲ្យប្រជាជនដែលសង្ស័យថា ខ្លួនមានផ្ទុកវីរុសកូរ៉ូណាថ្មី ត្រូវតែប្រញាប់ទៅមន្ទីរពេទ្យដើម្បីទទួលការពិនិត្យ និងព្យាបាល៕