(ប៉េកាំង)៖ គណៈកម្មការសុខាភិបាលចិនបានបញ្ចេញរបាយការណ៍ថ្មី នៅព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នេះថា ចំនួនមនុស្សដែលបានជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ នៅទូទាំងខេត្ត និងតំបន់ចំនួន ៣១ របស់ចិននោះ បានកើនឡើងដល់ ៣,៩៩៦នាក់ហើយ បន្ទាប់ពីមនុស្ស ៧១៦នាក់បន្ថែមទៀត ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញកាលពីថ្ងៃចន្ទម្សិលមិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
ទោះបីជាបែបនេះក្តី អាជ្ញាធរចិនក៏បានបញ្ជាក់ផងដែរថា អ្នកជំងឺរហូតដល់ ៨៤៩នាក់ កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង ខណៈ ៧,៣៣៣នាក់ ស្ថិតនៅក្នុងតាមដានអការៈ យ៉ាងប្រុងប្រយ័ត្នបំផុត ក្រោយពួកគេបានឆ្លងវីរុសកូរ៉ូណាថ្មី (Coronavirus ឬ 2019-nCoV)។ គិតចាប់តាំងពីការផ្ទុះវីរុសកូរ៉ូណាថ្មីនៅក្នុងទីក្រុងវូហាន (Wuhan) និងខេត្ត ហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិន ប្រជាជនចិនទូទាំងប្រទេសសរុប ៤២៨,៤៣៨នាក់ហើយ បានមកទទួលការធ្វើតេស្ត ដើម្បីពិនិត្យរកមើលវីរុសកូរ៉ូណាថ្មីនេះ។
គួរបញ្ជាក់ថា បើតាមរបាយការណ៍ថ្មីខាងលើនេះ មនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាថ្មី នៅក្នុងប្រទេសចិនបានកើនឡើងដល់ ១,០១៦នាក់ និងឆ្លង ៤២,៦៣៨នាក់ បន្ទាប់ពីថ្ងៃចន្ទម្សិលមិញនេះ គេបានរកឃើញអ្នកឆ្លង ២,៤៧៨នាក់ និងស្លាប់ ១០៨នាក់បន្ថែមទៀតនៅតាមខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន ហើយទីក្រុងវូហាន និងខេត្តហ៊ូប៉ីនៅតែជាកន្លែងដែលស្ថិតក្នុង ស្ថានភាពលំបាកជាងគេបំផុត៕