(វ៉ាស៊ីនតោន)៖ សេតវិមានសហរដ្ឋអាមេរិកបានបញ្ជាក់នៅក្នុង សេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទសប្តាហ៍នេះថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងស្ត្រីទី ១ មេឡានៀ ត្រាំ (Melania Trump) នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី ២៤-២៥ ខែកម្ភៈខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី១១ ខែកម្ភៈ ឆ្នាំ២០២០។
គួរបញ្ជាក់ថា ដំណើរទស្សនៈកិច្ចខាងលើនេះ គឺជាដំណើរទស្សនៈកិច្ចលើកទីមួយរបស់លោកប្រធានាធិបតី ត្រាំ ទៅកាន់ប្រទេសប្រធាធិបតេយ្យធំជាងគេលើលោក ចាប់តាំងពីលោកបានឡើងមកកាន់អំណាច។
បើតាមអ្នកនាំពាក្យរបស់សេតវិមានបានឲ្យដឹងថា ក្នុងអំឡុងដំណើរទស្សនៈកិច្ចនេះ លោកប្រធានាធិបតី ត្រាំ នឹងជួបពិភាក្សាការងារសំខាន់ៗ ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ដែលទំនងជាផ្តោតសំខាន់បំផុត ទៅលើទំនាក់ទំនងពាណិជ្ជកម្ម៕