(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិកនាថ្ងៃព្រហស្បតិ៍នេះ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) បានបោះឆ្នោតអនុម័តលើសេចក្តីព្រាងច្បាប់មួយ ដើម្បីរារាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនឲ្យវាយប្រហារលើអ៉ីរ៉ង់ស្រេចតែចិត្តបានទៀតឡើយ។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។
សេចក្តីសម្រេចខាងលើដែលហាមសហរដ្ឋអាមេរិក ធ្វើសកម្មភាពយោធាណាមួយប្រឆាំងនឹងប្រទេសអ៉ីរ៉ង់ ដោយមិនមានការអនុញ្ញាតពី សភាទាំងពីររបស់អាមេរិក នឹងត្រូវបញ្ជូនបន្តទៅកាន់សភាតំណាងរាស្រ្តអាមេរិក។ កាលពីខែមករាកន្លងទៅសភាតំណាងរាស្រ្តអាមេរិក ក៏បានអនុម័តលើសេចក្តីព្រាងច្បាប់មួយ ស្រដៀងគ្នានេះដែរ ប៉ុន្តែដូចទៅនឹងការព្យាយាមរបស់សភាអាមេរិកកាលពីលើកមុនដែរ ដែលចង់បញ្ចប់ការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះប្រតិបត្តិការយោធារបស់អារ៉ាប៊ីសាអូឌីតនៅយេម៉ែន លោក ត្រាំ ច្បាស់ជានឹងប្រើសិទ្ធិវ៉េតូ ដើម្បីជំទាស់លើសេចក្តីព្រាងច្បាប់ទាំងនេះ។
គួរជម្រាបថា ក្រុមអ្នកតាក់តែងច្បាប់អាមេរិកបានរៀបចំសេចក្តីព្រាងច្បាប់ សំដៅរឹតត្បិតអំណាចធ្វើសង្រ្គាមរបស់លោក ដូណាល់ ត្រាំ បន្ទាប់ពីលោកបានចេញបញ្ជាឲ្យយោធាអាមេរិក ប្រើយន្តហោះដ្រូនសម្លាប់លោក កាស្សេម សូឡៃមេនី (Qassem Soleimani) ដែលជាមេទ័ពកំពូលរបស់អ៉ីរ៉ង់ នៅក្បែរអាកាសយានដ្ឋានទីក្រុងបាកដាដ របស់ប្រទេសអ៉ីរ៉ាក់៕