(ស៊ីដនី)៖ ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យនៅរដ្ឋ ញូសោតវែលស៍ (New South Wales ឬ NSW) បានប្រកាសជាលើកដំបូងថា ភ្លើងឆេះព្រៃទាំងអស់នៅក្នុងរដ្ឋភាគខាងកើតមួយនេះ ត្រូវគ្រប់គ្រងបានទាំងស្រុងហើយ ដោយវាគឺជាសញ្ញាដ៏វិជ្ជមានបំផយតមួយសម្រាប់រដ្ឋ NSW ក្រោយទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយបញ្ហាភ្លើងឆេះព្រៃ តាំងតែពីខែកញ្ញា ឆ្នាំ២០១៩ មកនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។
អាជ្ញាធរពន្លត់អគ្គីភ័យអូស្រ្តាលីបានប្រកាសថា ក្រោយការខិតខំប្រឹងប្រែង អស់រយៈពេលជាច្រើនខែ ទីបំផុតភ្លើងឆេះព្រៃទាំងអស់ក្នុងរដ្ឋ New South Wales ត្រូវគ្រប់គ្រងបានទាំងស្រុង ដោយពុំមានការរីករាលដាលទៀតឡើយ ដែលវាគឺជាដំណឹងយ៉ាងល្អមួយ ទាំងសម្រាប់ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យផ្ទាល់ និងសម្រាប់ប្រជាជនអូស្រ្តាលីនៅក្នុងរដ្ឋនេះ ហើយអ្វីដែលត្រូវធ្វើនៅជំហានបន្ទាប់ គឺពន្លត់ពួកវាឲ្យរលត់ទាំងអស់តែម្តង។ ការធ្លាក់ភ្លៀងនាពេលថ្មីៗនេះ បានជួយយ៉ាងច្រើនដល់កិច្ចប្រឹងប្រែងរបស់ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ តែពេលនេះតំបន់ជាច្រើនកំពុងត្រូវប្រឈមបញ្ហា បង្កឡើងដោយគ្រោះទឹកជំនន់ និងព្យុះផងដែរ។
គួរជម្រាបថា រដ្ឋ NSW ដែលស្ថិតនៅភាគអាគ្នេយ៍ប្រទេសអូស្រ្តាលី គឺជាកន្លែងរងគ្រោះខ្លាំងក្លាជាងគេ ដោយមានមនុស្សស្លាប់ ២៥នាក់ ហើយលំនៅឋានជាង ២,៤០០ខ្នងត្រូវបានបំផ្លិចបំផ្លាញ ព្រមទាំងផ្ទៃដីជាង ៥លានហិកតា ត្រូវបានឆាបឆេះ ខណៈសត្វព្រៃ និងពាហនៈរាប់ពាន់លានក្បាលក៏ត្រូវគេជឿជាក់ថា បានបាត់បង់ជីវិតផងដែរ៕