(ឌូបៃ)៖ អគ្គមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ នាយកឧត្តមសេនីយ៍ លោក Hossein Salami បានព្រមានថា អ៉ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចដើម្បីវាយប្រហារលើ សហរដ្ឋអាមេរិក និងអ៉ីស្រាអែល បើសិនជាប្រទេសទាំងពីរនេះ ផ្ដល់ហេតុផលណាមួយ ឱ្យអ៉ីរ៉ង់ធ្វើដូច្នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។
លោក Hossein Salami ធ្វើការព្រមានខាងលើ ក្នុងសុន្ទរកថាមួយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ នៅឯពិធីបុណ្យរំលឹកខួប៤០ថ្ងៃ នៃ មរណភាពរបស់មេទ័ព លោក Qassem Soleimani ដែលត្រូវបានយន្ដហោះដ្រូនអាមេរិក សម្លាប់ក្នុងទីក្រុងបាដាដ ប្រទេសអ៉ីរ៉ាក់។ ថ្លែងនាឱកាសនោះ លោក Salami បានគូសបញ្ជាក់ដូច្នេះថា៖ «បើសិនជាប្រទេសទាំងពីរនេះ (សហរដ្ឋអាមេរិក និងអ៉ីស្រាអែល) ផ្ដល់ហេតុផលណាមួយឱ្យអ៉ីរ៉ង់ធ្វើដូច្នេះ ឬក៏ពួកគេហ៊ានសាងកំហុសតែបន្តិច យើងនឹងមិនស្ទាក់ស្ទើរឡើយ ក្នុងការបើកការវាយប្រហារលើពួកគេ»។
គួររំលឹកថា លោក Qassem Soleimani ដែលជាមេបញ្ជាការនៃកងអង្គភាពពិសេស Quds នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ និងធ្លាប់បានចេញមុខព្រមានកម្ទេចសហរដ្ឋអាមេរិក និងអ៉ីស្រាអែលឱ្យក្លាយជាផេះ ត្រូវបានយន្ដហោះដ្រូនអាមេរិក សម្លាប់ក្នុងទីក្រុងបាដាដ ប្រទេសអ៉ីរ៉ាក់ កាលពីថ្ងៃទី៣ ខែមករាកន្លងទៅ។ ប៉ុន្តែ លោក Ramezan Sharif អ្នកនាំពាក្យ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានអះអាងថាមរណភាពលោក Soleimani នឹងនាំទៅរកការរំដោះទីក្រុងហ្សេរុយសាឡឹម ខណៈមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei នឹងជួយគាំទ្រដល់កងកម្លាំងប្រដាប់អាវុធប៉ាឡេស្ទីន ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ជាមួយការលើកទឹកចិត្ត និងជំរុញឱ្យប្រជាជនប៉ាឡេស្ទីន ក្រោកឡើង ប្រឆាំងនឹងផែនការសន្តិភាពសម្រាប់អ៉ីស្រាអែល -ប៉ាឡេស្ទីន របស់លោក ដូណាល់ ត្រាំ៕