(ប៉េកាំង)៖ មន្ត្រីសុខាភិបាលចិនបានរាយការណ៍ឲ្យដឹងនៅថ្ងៃសុក្រនេះថា បុគ្គលិកពេទ្យចំនួន០៦រូបបានស្លាប់ដោយសារវីរុសកូរ៉ូណាថ្មី ឬ COVID-19 ខណៈសរុបជាង១,៧០០នាក់បានឆ្លងជំងឺនេះនៅទូទាំងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។
លោក Zeng Yixin អនុរដ្ឋមន្រ្តីនៃគណៈកម្មការសុខាភិបាលជាតិចិន (ក្រសួងសុខាភិបាលចិន) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នាព្រឹកថ្ងៃសុក្រនេះ ថា បុគ្គលិកផ្នែកសុខាភិបាលចំនួន១,៧១៦នាក់ បានឆ្លងវីរុស COVID-19 (វីរុសកូរ៉ូណាប្រភេទថ្មី) នៅទូទាំងប្រទេស ដោយគិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ។
លោក Zeng ក៏បានបញ្ជាក់បន្ថែមទៀតថា បុគ្គលិកពេទ្យភាគច្រើន គឺចំនួន១,១០២នាក់ ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាឆ្លងវីរុស COVID-19 គឺនៅ ទីក្រុង Wihan ដែលជាចំណុចកណ្តាលនៃការផ្ទុះរាលដាលវីរុសនេះ ខណៈ៤០០នាក់ផ្សេងទៀត បានឆ្លងវីរុសនៅតាម កន្លែងផ្សេងៗទៀត ក្នុងខេត្តហ៊ូប៉ី។
គួរជម្រាបថា អាជ្ញាធរចិនបាននិងកំពុងបន្តប្រឹងប្រែងបញ្ជូនបរិក្ខាការពារខ្លួន ទៅកាន់មន្ទីរពេទ្យនានាក្នុងក្រុង Wuhan ស្របពេលដែល គ្រូពេទ្យនិងគិលានុបដ្ឋាយិកានៅទីនោះ ត្រូវប្រឈមនឹងចំនួនអ្នកជំងឺដែលបន្តកើនឡើងខ្ពស់ខ្លាំង ហើយភាគច្រើនត្រូវបង្ខំចិត្តពិនិត្យអ្នកជំងឺ ទាំងមិនមានម៉ាស ឬឈុតការពារខ្លួនត្រឹមត្រូវនោះឡើយ ឬមួយក៏ប្រើសម្ភារៈចាស់ដដែលៗជាដើម៕