(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បាននិយាយថា អាជ្ញាធររបស់លោកមិនបានចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង លោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) បញ្ជូនទៅពន្ធនាគារដោយសារតែតុលាការមិនបានចេញបញ្ជា។ ប៉ុន្តែព្រមពេលជាមួយគ្នាលោកព្រមានថា ការចាប់ខ្លួនលោក Guaido អាចនឹងត្រូវធ្វើឡើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។

នៅក្នុងជំនួបជាមួយសារព័ត៌មានអន្តរជាតិនៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅអាមេរិកឡាទីន) លោក ម៉ាឌូរ៉ូ បានគូសបញ្ជាក់ថា «ប្រព័ន្ធតុលាការវេណេស៊ុយអេឡានឹងសម្រេចចិត្តថា តើត្រូវបញ្ជូនលោក Guaido ទៅកាន់ពន្ធនាគារ ឬក៏យ៉ាងណាសម្រាប់បទឧក្រិដ្ឋដែលលោកបានប្រព្រឹត្ត... ជាការពិតណាស់ ថ្ងៃនោះមិនទាន់មកដល់នោះទេ ប៉ុន្តែលោកនឹងបានទៅដេកក្នុងពន្ធនាគារ ហើយថ្ងៃនោះនឹងមកដល់»

គួរជម្រាបថា ការលើកឡើងរបស់លោក នីកូឡាស់ ម៉ាឌូរ៉ូ កើតមានឡើងតែបីថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Guaido បានត្រឡប់មកពីសហរដ្ឋអាមេរិក និងអឺរ៉ុបវិញ រីឯខាងទីក្រុងការ៉ាកាស់បានចោទថា ការធ្វើដំណើរទៅបរទេសនេះ គឺជាទង្វើរំលោភលើបទបញ្ជាតុលាការកំពូលវេណេស៊ុយអេឡា ដែលបានហាមលោក Guaido ធ្វើដំណើរចាកចេញពីប្រទស៕