(ប៉េកាំង)៖ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នេះចំនួនមនុស្សដែលបាត់បង់ជីវិត ដោយសារវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅក្នុងប្រទេសចិនបានកើនដល់ ១,៧៧០នាក់ ហើយចំនួនអ្នកឆ្លងបានបន្តកើនដល់ជាង ៧០,០០០នាក់។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ។

អាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១,៧៧០នាក់ បន្ទាប់ពីថ្ងៃអាទិត្យម្សិលមិញនេះ មានអ្នកជំងឺ COVID-19 ចំនួន ១០៥នាក់ទៀត បានបាត់បង់ជីវិតដោយក្នុងនោះ ១០០នាក់នៅខេត្តហ៊ូប៉ី (Hubei), ០៣នាក់នៅហេហាន (Henan) និង ០២នាក់នៅក្វាងទុកង (Guangdong)។ ដោយឡែកមនុស្សឆ្លងជំងឺ COVID-19 ថ្មីទៀតមានចំនួន ២,០៤៨នាក់នៅតាមបណ្តាខេត្ត និងតំបន់ចំនួន ៣១ របស់ចិន។

គួរជម្រាបថា មកទល់ពេលនេះ ករណីមនុស្សស្លាប់នៅក្រៅចិនដីគោក គឺមាន ០៤ករណី រួមមាន ១ករណីនៅហុងកុង, ១ករណីនៅហ្វីលីពីន, ១ករណីនៅជប៉ុន និង ១ករណីទៀតនៅបារាំង៕