(ប៉េកាំង)៖ អាជ្ញាធរទីក្រុងប៉េកាំងបានអះអាងថា មន្ត្រីពេទ្យយោធាសរុប ១,២០០នាក់បន្ថែមទៀតត្រូវបានបញ្ជូន និងធ្វើដំណើរទៅដល់ទីក្រុងវូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) ហើយ ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 ខណៈបុគ្គលិកពេទ្យរាប់ម៉ឺននាក់កំពុងស្ថិតនៅទីនោះស្រាប់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។
កាលពីថ្ងៃទី១៣ ខែកុម្ភៈ ចិនបានសម្រេចឲ្យមន្ត្រីពេទ្យសរុប ២,៦០០នាក់បន្ថែមទៀត ត្រូវបញ្ជូនទៅកាន់ទីក្រុង Wuhan ដែលជាចំណុចផ្ទុះដំបូង និងធ្ងន់ធ្ងរបំផុតនៃវីរុស COVID-19 ហើយមន្ត្រីពេទ្យសរុប ១,៤០០នាក់ ត្រូវបានបញ្ជូនទៅមុនរួចទៅហើយនៅថ្ងៃដដែល។ មន្ត្រីពេទ្យទាំងអស់នេះ នឹងត្រូវដាក់ឲ្យបម្រើការងារ នៅក្នុងមន្ទីរពេទ្យ ថៃកាង ថុងជី (Taikang Tongji) ដើម្បីពិនិត្យរកមើលអ្នកឆ្លងវីរុស COVID-19។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្រុមជំនាញអន្តរជាតិដឹកនាំដោយអង្គការ សុខភាពពិភពលោក WHO ក៏បានទៅដល់រដ្ឋធានីប៉េកាំង នៃប្រទេសចិនផងដែរ ដើម្បីចាប់ផ្តើមសហការការងារជាមួយក្រុមជំនាញចិន ក្នុងការប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណាថ្មី ឬ COVID-19។ តួនាទីរបស់ក្រុមជំនាញអន្តរជាតិ WHO មកកាន់ចិនពេលនេះ គឺពួកគេនឹងធ្វើការប្រឹក្សាយោបល់ ទៅលើវិធីសាស្ត្រក្នុងការការពារ និងគ្រប់គ្រងការឆ្លងវីរុស COVID-19 នៅក្នុងប្រទេសចិន និងទូទាំងសកលលោកទាំងមូល៕