(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិនបានរាយការណ៍ឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយពីជំងឺ COVID-19 និងត្រឡប់ទៅផ្ទះវិញ បានកើនឡើងដល់ ២៧,៣២៣នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។
យោងតាមរបាយការណ៍ប្រចាំថ្ងៃ ដែលចេញដោយគណៈកម្មការសុខាភិបាលជាតិចិន បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញមានអ្នកជំងឺចំនួន ២,៥៨៩នាក់ ត្រូវបានគេអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេបានជាសះស្បើយឡើងវិញ។ ជាមួយគ្នានេះអ្នកជំងឺសរុប ៧១នាក់ ក៏បានបាត់បង់ជីវិតនាថ្ងៃដដែលនោះផងដែរ នៅក្នុងបណ្តាខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន។
គួរបញ្ជាក់ថា បើគិតតាមតួលេខសរុបដែលត្រូវបានបញ្ចេញនៅព្រឹកថ្ងៃអង្គារនេះ ចំនួនសរុបនៃអ្នកស្លាប់ដោយសារជំងឺឆ្លង COVID-19 នៅទូទាំងប្រទេសចិនបានកើនឡើងដល់ ២,៦៦៣នាក់ ខណៈតួលេខសរុប នៃអ្នកដែលបានឆ្លងជំងឺនេះវិញមានរហូតដល់ ៧៧,៦៥៨ករណីហើយ៕