(ម៉ាឌ្រីត)៖ សណ្ឋាគារមួយកន្លែងនៅតំបន់ទីប្រជុំកោះ Canary របស់ប្រទេសអេស៉្បាញ នាថ្ងៃអង្គារនេះ ត្រូវបានបិទការចេញ-ចូល ក្រោយ មានការរកឃើញអ្នកឆ្លងជំងឺ COVID-19 ម្នាក់ ដែលធ្លាប់ស្នាក់នៅទីនោះ។ នេះបើតាមការដកស្រង់ការផ្សាយពី ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អេស៉្បាញ មានភ្ញៀវប្រហែល១,០០០នាក់ កំពុងស្នាក់នៅក្នុងសណ្ឋាគារនោះ។ ក្រសួងសុខាភិបាល ប្រទេសអេស៉្បាញ បានឲ្យដឹងថា ពួកគេនឹងធ្វើតេស្តរកមេរោគ COVID-19 ទៅលើភ្ញៀវទេសចរ ព្រមទាំងបុគ្គលិក ដែលស្ថិតក្នុងសណ្ឋាគារ បន្ទាប់ពីជនជាតិអ៉ីតាលីម្នាក់ ដែលធ្លាប់ស្នាក់នៅទីនោះ ត្រូវគេពិនិត្យរកឃើញថា បានឆ្លងជំងឺនេះ។
គួរជម្រាបថា សណ្ឋាគារនោះស្ថិតលើកោះមួយឈ្មោះ Tenerife នៃទីប្រជុំកោះ Canary របស់អេស៉្បាញ ដែលនៅក្បែរភាគនិរតីនៃប្រទេស ម៉ារ៉ុកឯណោះ។ បុរសជនជាតិអ៉ីតាលីខាងលើ គឺជាភ្ញៀវទេសចរម្នាក់ ដែលបានធ្វើដំណើរមកកោះ Tenerife កំឡុងពេលឈប់សម្រាក ហើយលោកកំពុងស្ថិតក្រោមការដាក់ឲ្យ នៅដាច់ដោយឡែកក្នុងមន្ទីរពេទ្យមួយកន្លែង ក្រោយរកឃើញថា លោកមានផ្ទុក COVID-19 កាលពីថ្ងៃ ចន្ទសប្តាហ៍នេះ។ ជនជាតិអ៉ីតាលីម្នាក់នោះ គឺជាករណីអ្នកឆ្លង COVID-19 ទីបី ដែលរកឃើញនៅអេស៉្បាញ បន្ទាប់ពីករណី ភ្ញៀវទេសចរ អាល្លឺម៉ង់ម្នាក់នៅ លើកោះ La Gomera នៃទីប្រជុំកោះ Canary ដូចគ្នា និងករណីមួយទៀតជាបុរសជនជាតិអង់គ្លេស នៅកោះ Mallorca៕