(អាល់ជីស)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអហ្សេរីលោក អាឌែរ៉ាហ៍មែន ប៊ិនបួហ្សីដ (Abderrahmane Benbouzid) បានប្រកាសពីការរកឃើញ អ្នកឆ្លងមេរោគ COVID-19 ដំបូងបំផុតនៅក្នុងប្រទេសអាហ្វ្រិកខាងជើងមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។
នៅក្នុងសេចក្តីថ្លែងការណ៍តាមរយៈទូរទស្សន៍រដ្ឋ ENTV លោក Benbouzid បានលើកឡើងថា អ្នកឆ្លងមេរោគ COVID-19 ម្នាក់ដែលត្រូវបានរកឃើញខាងលើនេះ គឺជាជនជាតិអ៉ីតាលី ដែលបានធ្វើដំណើរមកកាន់ប្រទេសអាល់ហ្សេរី កាលពីថ្ងៃទី១៧ ខែកុម្ភៈ ជាមួយនិងមនុស្សម្នាក់ផ្សេងទៀត ហើយពេលនេះពួកគេទាំងពីរនាក់កំពុងសម្រាក នៅក្នុងមន្ទីរពេទ្យប៉ាស្ទ័រ នៅរដ្ឋធានីអាល់ជីស។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលអាល់ហ្សេរីមិនបានបញ្ជាក់អំពីអាយុ ឬព័ត៌មានបន្ថែម អំពីជនជាតិអ៉ីតាលី ដែលត្រូវបានរកឃើញមានផ្ទុក COVID-19 ខាងលើនេះទេ ប៉ុន្តែអាជ្ញាធរកំពុងតែស៊ើបសួរអំពីប្រវត្តិធ្វើដំណើរ និងអ្នកដែលបានធ្វើដំណើររួមគ្នាជាមួយ ជនជាតិអ៉ីតាលីរូបនេះ ដើម្បីទាក់ទងពួកគេឲ្យទៅទទួលការពិនិត្យសុខភាព៕