(ប៉េកាំង)៖ របាយការណ៍ប្រចាំថ្ងៃដោយអាជ្ញាធរសុខាភិបាលចិន បានចេញមកហើយ ដោយក្នុងនោះមនុស្សស្លាប់ដោយសារតែជំងឺឆ្លង COVID-19 នៅទូទាំងប្រទេស បានកើនឡើងដល់ ២,៧៤៤នាក់ និងអ្នកដែលបានឆ្លងជំងឺនេះសរុបកើនដល់ ៧៨,៤៩៧ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។
នៅក្នុងរយៈពេលពេញមួយថ្ងៃពុធម្សិលមិញនេះ មនុស្សសរុប ៤៣៣នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យចិនធ្វើតេស្តរកឃើញលទ្ធផលវិជ្ជមាន ចំពោះមេរោគ COVID-19 ខណៈអ្នកជំងឺសរុប ២៩នាក់ក៏បានបាត់បង់ជីវិតនាថ្ងៃដដែលនោះផងដែរ នៅក្នុងបណ្តាខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន។
គួរបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺ COVID-19 ដែលបានស្លាប់ទាំង ២៩នាក់ខាងលើនេះគឺមាន ២៦នាក់ស្ថិតនៅក្នុងខេត្ត ហ៊ូប៉ី (Hubei), ម្នាក់នៅរដ្ឋធានីប៉េកាំង, ម្នាក់នៅហៃឡុងជាំង និងម្នាក់ទៀតខេត្តហេណាន៕