(តេហេរ៉ង់)៖ ក្រោយអនុរដ្ឋមន្ត្រីសុខាភិបាលអ៉ីរ៉ង់ លោក អ៉ីរ៉ាច ហារីជី (Iraj Harirchi) ត្រូវបានគេធ្វើតេស្ដរកឃើញថា បានឆ្លងជំងឺ COVID-19 ក្រុមអ្នកជំនាញមួយចំនួននៅក្នុងតំបន់ រួមទាំងសហរដ្ឋអាមេរិក បានចោទប្រកាន់ទីក្រុងតេហេរ៉ង់ថា កំពុងបិទបាំងព័ត៌មានពីចំនួនឆ្លង និងអ្នកស្លាប់ពិតប្រាកដ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។
គិតត្រឹមថ្ងៃពុធម្សិលមិញ រដ្ឋាភិបាលអ៉ីរ៉ង់បានទទួលស្គាល់ករណីឆ្លង COVID-19 សរុប ១៣៩ករណី និងអ្នកជំងឺ ១៩នាក់ស្លាប់ ហើយដែលនេះបានធ្វើអ៉ីរ៉ង់ក្លាយជាប្រទេស មានចំនួនអ្នកស្លាប់ច្រើនជាងគេជាប់លេខ ២ បន្ទាប់ពីចិន។ ប៉ុន្តែថ្លែងប្រាប់ CNBC លោក ហាសណេន ម៉ាលីក (Hasnain Malik) នាយកគ្រប់គ្រងសម្រាប់យុទ្ធសាស្ត្រទីផ្សារ មកពីក្រុមហ៊ុន ធែលីមើ (Tellimer) មានមូលដ្ឋានក្នុងទីក្រុងឌូបៃបានចោទប្រកាន់ថា អាជ្ញាធរអ៉ីរ៉ង់បាន និងកំពុងបិទបាំងព័ត៌មាន។ លោកបានគូសបញ្ជាក់ដូច្នេះថា «ចំនួនអ្នកឆ្លង និងចំនួនអ្នកស្លាប់ដោយសារតែ COVID-19 នៅក្នុងប្រទេសអ៉ីរ៉ង់ គឺមានច្រើនជាងតួលេខដែលអាជ្ញាធរអ៉ីរ៉ង់បញ្ចេញ»។
មិនតែប៉ុណ្ណោះ សូម្បីតែរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ក៏បានបង្ហាញការព្រួយបារម្ភស្រដៀងគ្នានេះដែរ ដោយខ្លាចក្រែងអ៉ីរ៉ង់បិទបាំងព័ត៌មានពិត ជាមួយការជម្រុញ និងលើកទឹកចិត្តឱ្យបណ្ដាប្រទេសទាំងអស់ នៅលើពិភពលោករាយការណ៍ពីព័ត៌មានពិត ពាក់ព័ន្ធនឹង COVID-19។ តែយ៉ាងណាក៏ដោយ លោក Iraj Harirchi បានទាត់ចោលការចោទប្រកាន់ទាំងនេះ ខណៈបណ្ដាប្រទេសក្បែរខាងអ៉ីរ៉ង់ និងនៅក្នុងតំបន់មជ្ឈិមបូព៌ាមួយចំនួន បានប្រកាសចាត់វិធានការរឹតត្បិត ក្នុងនោះរួមមានទាំងបិទព្រំដែនបណ្ដោះអាសន្ន និងផ្អាកជើងហោះហើរទៅ និងមកជាមួយសាធារណរដ្ឋអ៉ីស្លាមមួយនេះទៀតផង៕