(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក WHO បានណែនាំបណ្ដាប្រទេសទាំងអស់ ឱ្យជៀសវាង «ការប្រព្រឹត្តកំហុសធ្ងន់ធ្ងរ» ដោយសារតែការយល់ថា ខ្លួនអាចគេចផុតពីការឆ្លង COVID-19 ខណៈមេរោគដ៏កាចសាហាវនេះ កំពុងរីករាលដាលកាន់តែខ្លាំង នៅជុំវិញពិភពលោក និងជាពិសេសអត្រាឆ្លងនៅប្រទេសខ្លះដូចជា កូរ៉េខាងត្បូងហក់ឡើងខ្ពស់ជាងចិនទៅទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។
ការព្រមានខាងលើធ្វើឡើងដោយនាយកអង្គការ WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) ចំពេលករណីឆ្លងថ្មីនៃ COVID-19 នៅជុំវិញពិភពលោកត្រូវបានគេរាយការណ៍ថា មានចំនួនច្រើនជាងករណីឆ្លង នៅក្នុងប្រទេសចិនទៅទៀត។ លោក Tedros បានគូសបញ្ជាក់ដូច្នេះថា «បណ្ដាប្រទេសទាំងអស់មិនគួរយល់ថា ខ្លួនអាចគេចផុតពី COVID-19 នោះឡើយ ព្រោះនេះអាចនឹងក្លាយជាកំហុសមួយដ៏ធ្ងន់ធ្ងរ»។ លោកអគ្គនាយករូបនេះបន្ថែមទៀតថា សូម្បីតែប្រទេសអ្នកមានក៏គួរតែត្រៀមខ្លួនផងដែរចំពោះរឿងភ្ញាក់ផ្អើល ដែលអាចនឹងកើតឡើង នៅក្នុងប្រទេសរបស់ពួកគេ។
គួរបញ្ជាក់ថា បើទោះជាមិនទាន់ចាត់ទុកថា ការរីករាលដាលនៃ COVID-19 ជាជំងឺរាតត្បាតនៅទូទាំងសកលលោកក៏ដោយ ប៉ុន្តែលោកប្រមុខអង្គការ WHOបាននិយាយថា ជំងឺនេះមានសក្ដានុពលដែលអាចនឹងក្លាយជា «ជំងឺរាតត្បាតនៅទូទាំងសកលលោក» ហើយប្រទេសអ៉ីរ៉ង់ អ៉ីតាលី និងកូរ៉េខាងត្បូង អាចនឹងក្លាយជាចំនុចចាប់ផ្ដើមនៃបញ្ហានេះ ប្រសិនបើការប្រុងប្រយ័ត្ន និងទប់ស្កាត់មិនដល់កម្រិត៕