(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននាថ្ងៃចន្ទនេះបានរាយការណ៍ឲ្យដឹងថា តួលេខសរុបនៃអ្នកជំងឺដែលបានជាសះស្បើយពី COVID-19 នៅទូទាំងប្រទេសចិន បានកើនឡើងដល់ ៤៤,៤៦២នាក់ហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២០។

របាយការណ៍ប្រចាំថ្ងៃរបស់ គណៈកម្មការសុខាភិបាលជាតិចិនបានឲ្យដឹងទៀតថា នារយៈពេលពេញមួយថ្ងៃអាទិត្យម្សិលមិញនេះ មនុស្សចំនួន ២,៨៣៧នាក់ទៀត បានចាកចេញពីមន្ទីរពេទ្យ ក្រោយពួកគេបានជាសះស្បើយឡើងវិញ។ ដោយឡែកករណីឆ្លងថ្មីនាថ្ងៃដដែលនោះដែរមានត្រឹមតែ ២០២នាក់ ខណៈចំនួនអ្នកស្លាប់គឺ ៤២នាក់។

គួរជម្រាបថា បើតាមរបាយការណ៍ថ្មីនៅព្រឹកថ្ងៃសៅរ៍នេះ ចំនួនសរុបនៃអ្នកឆ្លងជំងឺ COVID-19 នៅតាមបណ្តាខេត្តនិងតំបន់ចំនួន ៣១ នៃប្រទេសចិនបានកើនដល់ ៨០,០២៦ករណី ដោយក្នុងនោះចំនួនអ្នកស្លាប់បានកើនដល់ ២,៩១២នាក់ ប៉ុន្តែខេត្តហ៊ូប៉ី (Hubei) រ៉ាប់រងស្ទើរតែទាំងអស់នៃករណីទាំងនេះ៕