(ព្រុចសែល)៖ សហភាពអឺរ៉ុប បានបង្កើនកម្រិតប្រកាសអាសន្ននៃជំងឺ COVID-19 ពីកម្រិតធម្មតា ទៅកម្រិតខ្ពស់ ខណៈករណីឆ្លងជំងឺនេះ នៅទូទាំងទ្វីបអឺរ៉ុប និងនៅ ជុំវិញពិភពលោក កាន់តែរីករាលដាលយ៉ាងឆាប់រហ័ស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២០។
ប្រធានគណៈកម្មាការអឺរ៉ុប លោកស្រី Ursula von der Leyen ប្រកាសពីការបង្កើនកម្រិតអាសន្នខាងលើ នៅក្នុងសនិ្នសីទសារព័ត៌មាននៅថ្ងៃចន្ទនេះ។ ថ្លែងនាឱកាស នោះ លោកស្រី von der Leyen បានគូសបញ្ជាក់ដូច្នេះថា៖ « មជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ បង្កា និងគ្រប់គ្រងជំងឺឆ្លង (ECDC) នៅថ្ងៃនេះ សូមប្រកាសពីការបង្កើនកម្រិត ប្រកាសអាសន្ននៃជំងឺ COVID-19 ពីធម្មតា ដល់កម្រិតខ្ពស់ ទៅដល់ប្រជាជនទាំងអស់នៅក្នុងទ្វីបអឺរ៉ុប ខណៈជំងឺនេះនៅតែបន្តរីករាលដាលយ៉ាងឆាប់រហ័ស»។
បច្ចុប្បន្ន ការឆ្លងជំងឺ COVID-19 ច្រើនជាង ២,០០០ករណី ត្រូវបានរាយការណ៍នៅក្នុងទ្វីបអឺរ៉ុប ក្នុងនោះប្រទេសអ៉ីតាលី មានករណីឆ្លងច្រើនជាងគេបំផុត ដោយមាន មនុស្សឆ្លងដល់ទៅជិត ១,៧០០នាក់ហើយ រីឯអ្នកស្លាប់ក៏បានកើនដល់ ៣៤នាក់ផងដែរ៕