(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិន បានរាយការណ៍ឲ្យដឹងនាព្រឹកថ្ងៃអង្គារនេះថា តួលេខសរុប នៃអ្នកជំងឺដែលបានជាសះស្បើយពីជំងឺ COVID-19 បានកើនដល់ ៤៧,២០៤ នាក់ហើយនៅទៅទាំងប្រទេសចិន ខណៈតួលេខនៃអ្នកឆ្លង និងស្លាប់ថ្មីៗ ក៏ត្រូវបានគេមើលឃើញថា នៅតែបន្តធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ នេះបើតាមចេញផ្សាយដោយទីភ្នាក់់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ២០២០។
យោងតាមរបាយការណ៍ប្រចាំថ្ងៃ របស់គណៈកម្មការសុខាភិបាលជាតិចិនបានឲ្យដឹងថា គ្រាន់តែក្នុងរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញ មានអ្នកជំងឺចំនួន ២,៧៤២នាក់ ត្រូវបានគេអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេបានជាសះស្បើយឡើងវិញ។ ដោយឡែកករណីឆ្លងថ្មីៗនាថ្ងៃដដែលនោះដែរមាន ១២៩នាក់ ខណៈចំនួនអ្នកស្លាប់គឺ ៣១នាក់ ដែលជាអត្រាទាបមួយ។
គួរជម្រាបថា បើតាមរបាយការណ៍ថ្មីនៅព្រឹកថ្ងៃអង្គារនេះ ចំនួនសរុបនៃអ្នកឆ្លងជំងឺ COVID-19 នៅតាមបណ្តាខេត្តនិងតំបន់ចំនួន ៣១ នៃប្រទេសចិនបានកើនដល់ ៨០,១៥១ករណី ដោយក្នុងនោះចំនួនអ្នកស្លាប់បានកើនដល់ ២,៩៤៣នាក់ ប៉ុន្តែខេត្តហ៊ូប៉ី (Hubei) រ៉ាប់រងស្ទើរតែទាំងអស់នៃករណីទាំងនេះ។ ដោយឡែកមនុស្ស ៤០,៦៥១នាក់កំពុងស្ថិតនៅក្នុងការតាមដានជំងឺនៅឡើយ ខណៈមនុស្ស ៧,៦៥០នាក់ទៀត ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលពិនិត្យសុខភាព ទូទាំងប្រទេសចិនកាលពីថ្ងៃចន្ទ ក្រោយរកមិនឃើញមានមេរោគ COVID-19 នៅក្នុងខ្លួនពួកគេ៕