(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) បានថ្លែងឲ្យដឹងថា អាកាសយានដ្ឋានទាំងអស់នៅក្នុងប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមនីតិវិធីពិនិត្យសុខភាពរកមើលជំងឺ COVID-19 លើអ្នកដំណើរទំាងអស់ ដែលធ្វើដំណើរតាមជើងហោះហើរត្រង់ទៅកាន់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yonhap នាព្រឹកថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ២០២០។
ថ្លែងនៅក្នុងសន្និសីតសារព័ត៌មានមួយកាលពីថ្ងៃចន្ទម្សិលមិញ (ម៉ោងនៅវ៉ាស៊ីនតោន) នៅឯសេតវិមានដើម្បីផ្តល់់ព័ត៌មានថ្មីៗ ស្តីពីការឆ្លើយតបរបស់សហរដ្ឋអាមេរិក ចំពោះការផ្ទុះឡើងនៃ COVID-19 លោក Pence បានគូសបញ្ជាក់ថា នីតិវិធីពិនិត្យមើលសុខភាពលើអ្នកដំណើរខាងលើ ត្រូវបានដាក់ចេញឲ្យអនុវត្ត តាំងពីបីម៉ោងមុនមកម៉្លេះ។ ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ផងដែរថា ប្រទេសអ៊ីតាលីដែលជាប្រទេសមួយ កំពុងតែត្រូវបានញ៉ាំញីដោយសារជំងឺដ៏កាចសាហាវដែរនោះ ក៏នឹងត្រូវអនុវត្តវិធានការនេះដែរ
នៅរយៈពេល ១២ ម៉ោងទៀត។
ជាការកត់សម្គាល់ ការចាត់វិធានការបង្ការទុកជាមុនបែបនេះ ទៅលើកូរ៉េខាងត្បូងដែលជាប្រទេសសម្ព័នមិត្តរបស់ខ្លួន កើតឡើងក្រោយពីប្រទេសអាស៊ីបូព៌ាមួយនេះ ត្រូវបានគេរាយការណ៍ថា អ្នកកើតជំងឺ COVID-19 បានកើនដល់ ៤,៨១២នាក់ ខណៈអ្នកស្លាប់បានកើនដល់ ២៨នាក់ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ។
គួរជម្រាបថា សហរដ្ឋអាមេរិកកំពុងតែចាត់វិធានការឆ្លើយតបនឹងជំងឺ COVID-19 យ៉ាងស្វិតស្វាញ ខណៈចំនួនមនុស្សស្លាប់ និងឆ្លងកំពុងកើនឡើងជាលំដាប់៕