(គូឡាឡាំពួរ)៖ នាយករដ្ឋមន្រ្តីថ្មីប្រទេសម៉ាឡេស៊ី លោក មូហ៍យីដឌីន យ៉ាសស៊ីន (Muhyiddin Yassin) បាននិយាយថា លោកបានសម្រេចចិត្តឲ្យគេលើកលោក ជាបេក្ខជននាយករដ្ឋមន្រ្តី ដើម្បីជួយសង្រ្គោះប្រទេសពីស្ថានការណ៍វឹកវរ ក្រោយអតីតនាយករដ្ឋមន្រ្តីលោក មហាធៀ មហាំម៉ាត់ ប្រកាសលាលែងពីតំណែងយ៉ាងតក់ក្រហល់ ហើយលោក Muhyiddin ក៏បានច្រានចោលនូវការចោទប្រកាន់ថា រូបលោកជាជនក្បត់ផងដែរ។ នេះបើតាមការ ដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ២០២០។
លោក Muhyiddin Yassin បានលើកឡើងដូចខាងលើនេះ តាមរយៈពិធីការថ្លែងសារលើកដំបូងទៅកាន់ប្រជាជាតិ ក្នុងនាមជានាយករដ្ឋមន្រ្តីទី ៨ របស់សហព័ន្ធម៉ាឡេស៊ីកាលពីថ្ងៃចន្ទម្សិលមិញ។ លោក Muhyiddin បានលើកឡើងថា «ខ្ញុំដឹងថាមនុស្សមួយចំនួនខឹងខ្ញុំ ហើយដូចការប៉ាន់ស្មានទុក មានអ្នកខ្លះហៅខ្ញុំថា ជនក្បត់។ ប៉ុន្តែចូរស្តាប់ឲ្យច្បាស់ ខ្ញុំមិនមែនជាជនក្បត់ទេ ខ្ញុំមានសម្បជញ្ញៈច្បាស់លាស់ថា ខ្ញុំឈរនៅទីនេះគឺដើម្បីស្រោចស្រង់ប្រទេសពីភាពវឹកវរ»។
លោក Muhyiddin បានបកស្រាយថា លោកមិនដែលស្រមៃចង់បានតំណែង នាយករដ្ឋមន្រ្តីនេះឡើយ ប៉ុន្តែដោយសារតែពុំមាននរណាម្នាក់ មានសំឡេងគាំទ្រភាគច្រើននៅក្នុងសភា លោកក៏ត្រូវបានសមាជិកសភាបក្ស បឺសាទូ (Bersatu) របស់លោក និងប្រធានគណបក្សដទៃទៀត លើកឲ្យធ្វើជាបេក្ខជននាយករដ្ឋមន្រ្តី ដោយពួកគេជឿថា លោកមានសំឡេងគាំទ្រភាគច្រើនក្នុងសភា។
លោក Muhyiddin បានបន្តថា លោកពុំមានជម្រើសអ្វីក្រៅពីទទួលយករឿងនេះឡើយ ដោយសារតែរូបលោកមិនអាចបន្តគាំទ្រលោក មហាធៀ ដែលមិនមានសំឡេងគាំទ្រគ្រប់គ្រាន់ ជានាយករដ្ឋមន្រ្តីទេ ព្រោះថាបើដូច្នោះភាពវឹកវរនឹងនៅតែអូសបន្លាយ ហើយអាចឈានដល់ការរំលាយសភា និងបោះឆ្នោតសកលឡើងវិញ។
គួរបញ្ជាក់ថា លោក Muhyiddin Yassin បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីទី ៨ របស់ម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យកន្លងទៅ ក្រោយស្ថានការណ៍នយោបាយនៅប្រទេសម៉ាឡេស៊ី បានធ្លាក់ក្នុងភាពស្រពិចស្រពិលជិតមួយសប្តាហ៍ ដោយសារតែលោក មហាធៀ ប្រកាសលាលែងចេញពីតំណែងជានាយករដ្ឋមន្រ្តីទី ៧ ប៉ុន្តែពេលនោះលោកបន្តនៅជានាយករដ្ឋមន្រ្តីបណ្តោះអាសន្ន ហើយនិយាយថា នឹងត្រឡប់ទៅកាន់តំណែងពេញលេញវិញ ប្រសិនបើសភាគាំទ្រ។
កាលពីថ្ងៃអាទិត្យដដែល លោក មហាធៀ បានអះអាងថា លោកឯណោះទេគឺជាអ្នកមានសំឡេងគាំទ្រភាគច្រើនក្នុងសភា ហើយទាមទារ ឲ្យមានការបើកអង្គប្រជុំឲ្យបានឆាប់នៅសភា ដើម្បីអនុញ្ញាតឲ្យសមាជិក បានជាផ្លូវការថា ពួកគេគាំទ្រឬមួយក៏មិនគាំទ្រលោក Muhyiddin ជានាយករដ្ឋមន្រ្តី។ ជុំវិញការឡើងជានាយករដ្ឋមន្រ្តីថ្មីនេះលោក មហាធៀ បានលើកឡើងថា លោកមានអារម្មណ៍ថា «ត្រូវគេក្បត់ធ្ងន់ធ្ងរបំផុត» គឺដោយលោក Muhyiddin ផ្ទាល់ ខណៈអ្នកទាំងពីរកន្លងមកស្ថិតក្នុងបក្ស Bersatu ជាមួយគ្នា៕