(សេអ៊ូល)៖ កងកម្លាំងយោធាកូរ៉េខាងត្បូងចំនួន ០៦នាក់បានទទួលរងរបួស នៅក្នុងការហេតុការណ៍ផ្ទុះគ្រាប់បែក ដោយមិនដឹងមូលហេតុមួយ នៅលើនាវាប្រយុទ្ធល្បឿនលឿន អំឡុងការធ្វើសមយុទ្ធយោធានៅតំបន់ឆ្នេរ ភាគខាងត្បូងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ២០២០។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៖០០នាទីរសៀលថ្ងៃអង្គារនេះ (ម៉ោងនៅទីក្រុងសេអ៊ូល) នៅលើនាវាប្រយុទ្ធល្បឿនលឿនមួយគ្រឿង ដែលមានទម្ងន់សរុប ១៣០តោន និងមានផ្ទុកយោធាសរុប ៣០នាក់។ បើតាមប្រភពពីយោធាកូរ៉េខាងត្បូង កងកម្លាំងយោធា ០២នាក់ក្នុងចំណោមអ្នករងរបួសទាំង ០៦នាក់នោះមានសភាពធ្ងន់ធ្ងរខ្លាំង។
គួរបញ្ជាក់ថា ក្រោយហេតុការណ៍ខាងលើនេះកើតឡើង កងទ័ពជើងទឹកកូរ៉េខាងត្បូង បានប្រកាសការផ្អាកសមយុទ្ធទាំងមូលជាបណ្តោះអាសន្ន ដើម្បីធ្វើការស៊ើបអង្កេតរកមូលហេតុពិតប្រាកដ ដែលនាំឲ្យគ្រាប់បែកខាងលើនេះផ្ទុះ។ បើតាមប្រភពដដែល គ្រាប់បែកទំនងជាបានផ្ទុះអំឡុងការហ្វឹកហាត់ពីរបៀបគប់គ្រាប់បែក៕