(រ៉ូម)៖ ប្រទេសអ៉ីតាលីបានរាយការណ៍ថា អ្នកជំងឺ ៤១នាក់បន្ថែមទៀតហើយបានស្លាប់ ធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារមេរោគឆ្លង COVID-19 កើនដល់ ១៤៨នាក់ ហើយចំនួននេះបានប្រែក្លាយអ៉ីតាលី ទៅជាប្រទេសមានចំនួនអ្នកស្លាប់ច្រើនជាងគេបំផុតបន្ទាប់ពីចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២០។
បើតាមអាជ្ញាធរសុខាភិបាលអ៉ីតាលី ពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញ ករណីឆ្លងថ្មីៗសរុប ៧៦៩ករណីទៀតក៏ត្រូវបានកត់ត្រាផងដែរ ដោយធ្វើឱ្យអ្នកឆ្លងនៅទូទាំងប្រទេសកើនដល់ ៣,៨៥៨ករណី។ ជាវិធានការទប់ស្កាត់ រដ្ឋាភិបាលអ៉ីតាលីបានសម្រេចចិត្តបិទសាលារៀន និងសាកលវិទ្យាល័យទាំងអស់ នៅទូទាំងប្រទេសរហូតដល់ថ្ងៃទី១៥ ខែមីនា ដែលនេះមានន័យថា សិស្ស-និស្សិត ៨.៥លាននាក់ត្រូវនៅស្ថិតនៅក្នុងផ្ទះ និងមិនអាចទៅសាលារៀនរបស់ពួកគេ។
បន្ថែមពីលើនេះ ការប្រកួតបាល់ទាត់ និងព្រឹត្តិការណ័កីឡាដទៃទៀត នឹងត្រូវប្រព្រឹត្តដោយគ្មានអ្នកគាំទ្រ ក្នុងរយៈពេលមួយខែ ហើយភូមិចំនួន ១១ មានប្រជាជន ៥០,០០០នាក់ ត្រូវស្ថិតនៅក្រោមការដាក់ឱ្យដាច់ដោយឡែកពីគេ សម្រាប់សប្ដាហ៍ទី២។ រដ្ឋាភិបាលអ៉ីតាលី កាលពីថ្ងៃព្រហស្បតិ៍ ក៏បានបញ្ចេញ កញ្ចប់ថវិកា ៨.៤ពាន់លានដុល្លារ ផងដែរ ដើម្បីស្ដារខូចខាតដែលបង្កឡើងដោយ COVID-19៕