(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បាននិយាយថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ប្រហែលជានឹងត្រូវរងការប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺ COVID។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២០។
ឆ្លើយតបទៅនឹងសំណួរថាតើបញ្ហារីករាលដាលនៃជំងឺ COVID-19 អាចប៉ះពាល់ដល់សេដ្ឋកិច្ចដែរឬទេ នៅក្នុងកម្មវិធីមួយរៀបចំឡើងដោយ សារព័ត៌មាន Fox News លោកប្រធានាធិបតីអាមេរិកបាននិយាយដូច្នេះថា «វាប្រហែលមានការប៉ះពាល់ តែអ្វីៗនឹងប្រសើរឡើងវិញ ហើយ អ្នកគ្រប់គ្នាត្រូវតាំងចិត្តឲ្យស្ងប់ កុំឆ្លេឆ្លា ខណៈពួកយើងមានផែនការសម្រាប់គ្រប់កាលៈទេសៈទាំងអស់»។
បច្ចុប្បន្ននេះ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅសហរដ្ឋអាមេរិកគឺ១៤នាក់ ហើយអ្នកឆ្លងមានយ៉ាងជាង២០០នាក់។ ព្រឹទ្ធសភា អាមេរិកទើបតែបានអនុម័តកញ្ចប់ថវិកាទំហំ៨.៣ពាន់លានដុល្លារ ដើម្បីប្រយុទ្ធការរាតត្បាតនៃជំងឺនេះ បន្ទាប់ពីសភាតំណាងរាស្រ្តអាមេរិក ក៏បានគាំទ្រវាយ៉ាងពេញទំហឹង។ ឥឡូវកញ្ចប់ថវិកានោះត្រូវបញ្ជូនឲ្យទៅលោក ត្រាំ ដើម្បីចុះហត្ថលេខា។
គួរជម្រាបថា បញ្ហារីករាលដាលនៃជំងឺ COVID-19 បានធ្វើឲ្យមានការធ្លាក់ចុះនៃទីផ្សារហ៊ុនរបស់សហរដ្ឋអាមេរិក ហើយបង្កឲ្យមានក្តីបារម្ភ ថា សេដ្ឋកិច្ចអាមេរិកជារួមក៏នឹងត្រូវអន់ថយផងដែរ ស្របពេលដែលលោក ដូណាល់ ត្រាំ កំពុងត្រូវប្រមូលសំឡេងគាំទ្រពីប្រជាជន ដើម្បី បន្តជាប់ឆ្នោតនៅអាណត្តិទីពីរ៕