(ហាណូយ)៖ សត្វបក្សី (មាន់ និងទា) សរុបជាង ១៣៧,០០០ក្បាលហើយ ត្រូវបានសម្លាប់ចោលនៅក្នុងខេត្ត-ក្រុងចំនួន ១៣ នៃប្រទេសវៀតណាម ដើម្បីទប់ស្កាត់ការឆ្លងរាលនៃវីរុសផ្តាសាយបក្សី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២០។
នៅក្នុងរយៈពេល ០២ខែមកនេះ វៀតណាមបានជួបប្រទះការផ្ទុះ ជំងឺផ្តាសាយបក្សីសរុបចំនួន ៤៨ករណីក្នុងនោះ ៣៨ករណីជាប្រភេទ A/H5N6 និង ០៥ករណីជាប្រភេទ A/H5N1។ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៃប្រទេសវៀតណាមបានឲ្យដឹងទៀតថា តំបន់ដែលបានទទួលរងគ្រោះទាំងអស់ នៅក្នុងខេត្ត និងទីក្រុងសរុបចំនួន ១៣ ត្រូវបានដាក់ឲ្យស្ថិតនៅក្នុងការត្រួតពិនិត្យ ដើម្បីកុំឲ្យវីរុសប្រភេទទាំងនេះរាតត្បាតទៅខេត្ត និងទីក្រុងផ្សេងទៀត។
គួរបញ្ជាក់ថា សម្រាប់ចំណាត់ការជាទូទៅដែលត្រូវធ្វើនោះ គឺរាល់កសិដ្ឋាន ឬតំបន់ចិញ្ចឹមសត្វមាន់-ទា និងសត្វបក្សីផ្សេងៗទៀត ដែលមានផ្ទុះជំងឺផ្តាសាយបក្សីនោះ អាជ្ញាធរត្រូវយកបក្សីទាំងអស់ទៅសម្លាប់ចោល ដើម្បីបង្ការការឆ្លងរាលដាលកាន់តែខ្លាំង៕