(សេអ៊ូល)៖ កូរ៉េខាងត្បូងនៅព្រឹកថ្ងៃអង្គារនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 ចំនួន ១៣១នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ៧,៥១៣ករណី ក្នុងនោះអ្នកជំងឺ ៥៤នាក់ ដែលភាគច្រើនមានជំងឺប្រចាំកាយ បានបាត់បង់ជីវិតដោយសារមេរោគដ៏កាចសាហាវនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០។
ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ ដោយផ្អែកលើមជ្ឈមណ្ឌលកូរ៉េខាងត្បូងសម្រាប់គ្រប់គ្រង និងបង្ការជំងឺឆ្លង (KCDC) បានឱ្យដឹងទៀតថា ករណីឆ្លងថ្មីៗភាគច្រើននៅតែបន្តត្រូវ បានរកឃើញនៅក្នុងទីក្រុង ដេគូ (Daegu) និងខេត្តគ្យុងសាងខាងជើង ដែលតំណាងឱ្យករណីឆ្លងច្រើនជាង ៩០ភាគរយនៅទូទាំងប្រទេស។ ប៉ុន្តែករណីឆ្លងថ្មីៗនៅព្រឹកថ្ងៃអង្គារនេះក៏អាចចាត់ទុកបានថា មានសភាពធូរស្រាល ផងដែរបើធៀបនឹង២សប្តាហ៍កន្លងទៅ។
គួរជម្រាបថា ចំនួនអ្នកឆ្លងវីរុស COVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូង បានកើនឡើងយ៉ាងគំហុកនាពេលកន្លងមកនេះ បន្ទាប់ពីការធ្វើតេស្តទ្រង់ទ្រាយធំទៅលើមនុស្សរាប់សែននាក់ ដែលមានជាប់ពាក់ព័ន្ធទៅនឹងព្រះវិហារសាសនាគ្រិស្ត ស៊ីនជុនជី (Shincheonji) នៅទីក្រុងដេគូ (Daegu) ស្ថិតនៅចម្ងាយ ៣០០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល ដែលជាប្រភពនៃការចម្លងមេរោគ ៦០% ក្នុងចំណោមករណីឆ្លងទាំងអស់ នៅទូទាំងប្រទេស៕