(វ៉ាស៊ីនតោន)៖ ក្នុងការបោះឆ្នោតបឋម ដើម្បីប្រកួតប្រជែងយកតំណែងជាបេក្ខជនប្រធានាធិបតី តំណាងឲ្យគណបក្សប្រជាធិបតេយ្យ លោក ចូបៃ ដិន (Joe Biden) បានទទួលជ័យជម្នះក្នុងរដ្ឋមីឈីហ្គែន (Michigan) និងរដ្ឋចំនួនបីផ្សេងទៀតកាលពីថ្ងៃអង្គារម្សិលមិញ (វេលានៅសហរដ្ឋអាមេរិក)។ ប្រការនេះ ត្រូវបានអ្នកវិភាគមើលឃើញថា វាជាការបោះជំហានមួយដ៏ធំមួយឆ្ពោះទៅរកជ័យជម្នះយ៉ាងពិតប្រាកដ ខណៈក្តីសង្ឈឹមរបស់លោក Bernie Sanders ដែលជាគូប្រជែងរបស់លោក ហាក់បីដូចឃ្លាតឆ្ងាយបន្តិចហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ ២០២០។
ជ័យជម្នះលើការបោះឆ្នោតខាងលើ របស់លោក ចូបៃ ដិន (Joe Biden) ដែលជាអតីតអនុប្រធានាធិបតីអាមេរិកជំនាន់ លោកបារ៉ាក់ អូបាម៉ា វ័យ ៧៧ ឆ្នាំរូបនេះ ហាក់ស្តែងឲ្យឃើញកាន់តែច្បាស់នូវផ្លូវមួយឆ្ពោះទៅរកការតទល់ ជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃទី ០៣ ខែវិច្ឆការ ខាងមុខនេះ។ ដូច្នេះលោក បានថ្លែងអំពាវនាវឲ្យមានការរួបរួមនៅក្នុងគណបក្ស និងថែមទាំងបានអំពាវនាវដល់អ្នកគាំទ្ររបស់លោក Sanders ឲ្យជួយគាំទ្រផងដែរ ដើម្បីយកឈ្នះគណបក្សសាធារណៈរដ្ឋ ដែលមានលោកត្រាំឈជាតំណាង។
ថ្លែងនៅឯរដ្ឋ Philadelphia លោកអតីតអនុប្រធានាធិបតីរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា ៖« យើងចែករំលែកគោលដៅរួមតែមួយ ហើយយើងនឹងរួមគ្នាផ្តួល លោក ដូណាល់ ត្រាំ»។ ជាមួយគ្នានោះ លោកក៏បានអរគុណដល់លោក Sanders និងអ្នកគាំទ្ររបស់លោក សម្រាប់ថាមពល និងភាពស្វាហាប់របស់ពួកគេ។
គួរជម្រាបថា ក្នុងការបោះឆ្នោត ប្រកួតយក ការតែងតាំងជា បេក្ខភាពប្រធានាធិបតីពី គណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃអង្គារម្សិលមិញ (វេលានៅសហរដ្ឋអាមេរិក) បានប្រព្រឹត្តិទៅក្នុងរដ្ឋចំនួន ៦ ខណៈរដ្ឋ Michigan ជារដ្ឋមានប្រតិភូច្រើនជាងគេ នៅក្នុងការបោះឆ្នោតបឋម ក្នុងថ្ងៃអង្គារនេះ ដោយ មានប្រតិភូរហូតដល់១២៥ នាក់។ លោក Sanders ដែលជាសមាជិកព្រឹទ្ធសភា ប្រចាំ រដ្ឋ Vermont ធ្លាប់បានឈ្នះ រដ្ឋ Michigan នៅក្នុងការបោះឆ្នោតបឋម កាលពីឆ្នាំ ២០១៦។
ក្រៅពីបានឈ្នះនៅរដ្ឋ Michigan លោកចូបៃ ដិន (Joe Biden) ក៏បានឈ្នះផងដែរ នៅរដ្ឋ Missouri រដ្ឋ Mississippi និងរដ្ឋ Idaho។ ចំណែកឯ ពីររដ្ឋផ្សេងទៀត គឺរដ្ឋ Washington និង North Dakota លទ្ធផលនឹងចេញនាពេលបន្តិចទៀតនេះ ខណៈក្តីសង្ឈឹមសម្រាប់លោក Sanders ដែលមានអាយុ ៨៧ ឆ្នាំរូបនេះ ក៏ហាក់ចង្អៀតណាស់ដែរ៕