(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសចេញនូវ ការផ្អាកការធ្វើដំណើរថ្មីៗទៅលើទ្វីបអឺរ៉ុប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស COVID-19 ដែលសហរដ្ឋអាមេរិកក៏កំពុងរងគ្រោះស្រាប់ ហើយបណ្តាប្រទេសនៅទ្វីបអឺរ៉ុបទាំងអស់ ក៏កំពុងមានស្ថានភាពធ្ងន់ធ្ងរឡើងផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០។
នៅក្នុងកិច្ចអត្ថាធិប្បាយតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ បានថ្លែងថា ការធ្វើដំណើរមកពីអឺរ៉ុប នឹងត្រូវផ្អាកជាបណ្តោះអាសន្ន សម្រាប់រយៈពេល ៣០ថ្ងៃ។ ទោះបីជាបែបនេះក្តីលោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ថា ការផ្អាកខាងលើនេះ នឹងមិនត្រូវដាក់ចំពោះអង់គ្លេសនោះឡើយ ខណៈដែលបច្ចុប្បន្ននៅអង់គ្លេសមានករណីឆ្លង COVID-19 សរុប ៤៦០ករណី៕