(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ក៏បានបញ្ជាក់ពីការរកឃើញករណីថ្មីៗនៃអ្នកឆ្លង COVID-19 ចំនួន ១១៤នាក់បន្ថែមទៀត ដែលនាំឲ្យចំនួនអ្នកឆ្លងសរុប នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះកើនដល់ ៧,៨៦៩ករណីហើយ ដោយក្នុងនោះចំនួនអ្នកស្លាប់សរុបកើនដល់ ៦៦នាក់។ នេះបើយោងតាម ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី ១២ខែមីនា ឆ្នាំ២០២០។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺកូរ៉េខាងត្បូង KCDC បានសម្រេចចិត្តធ្វើបច្ចុប្បន្នភាពលើទិន្នន័យ ស្តីអំពីតួលេខអ្នកឆ្លង ស្លាប់ និងជាសះស្បើយឡើងវិញពីជំងឺឆ្លងសកល COVID-19 ក្នុងមួយថ្ងៃតែមួយដងវិញ នៅវេលាម៉ោង ១០៖០០នាទីព្រឹក (ម៉ោងនៅប្រទេសកូរ៉េខាងត្បូង) បន្ទាប់ពីលើកមុនៗ ខ្លួនតែធ្វើសេចក្តីរាយការណ៍ដល់ទៅពីរដងក្នុងមួយថ្ងៃ។
បើគិតចាប់ពីថ្ងៃទី ១៩ ខែកុម្ភៈ ដល់ថ្ងៃទី១១ ខែមីនាម្សិលមិញ ពោលត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថា មានអ្នកឆ្លងថ្មីចំនួន ៧,៨៣៨ករណីឯណោះ។ ប្រការនេះ វាបានធ្វើឲ្យរដ្ឋាភិបាលរបស់ប្រទេសនេះ បានប្រកាសអាសន្នកម្រិតក្រហម នៅទូទាំងប្រទេស ដើម្បីបង្កើនការដាស់តឿនដល់ប្រជាពលរដ្ឋ។
តំបន់ដែលកំពុងរងគ្រោះធ្ងន់ធ្ងរបំផុត នៅប្រទេសកូរ៉េខាងត្បូង គឺទីក្រុងដេគូ (Daegu) និងខេត្តគ្យុងសាងខាងជើង ដែលស្ថិតនៅជាប់ទីក្រុងមួយនេះដែរ។ រហូតមកទល់នឹងពេលនេះ ចំនួនអ្នកឆ្លងសរុប នៅក្នុងតំបន់ទាំងពីរខាងលើ មានរហូតដល់ ៧,០១០ករណី ពោលគឺវារ៉ាប់រងករណីឆ្លងវីរុសរហូតដល់ ៩០% នៅទូទាំងប្រទេសកូរ៉េខាងត្បូង។ ជាការកត់សម្គាល់ តំបន់ទាំងពីរនេះស្ថិតនៅចម្ងាយ ៣០០គីឡូម៉ែត្រពីភាគអាគ្នេយ៍រដ្ឋធានីសេអ៊ូល។
គួរជម្រាបថា ចាប់តាំងពីថ្ងៃទី ០៣ ខែមករា អាជ្ញាធរសុខាភិបាលប្រទេសនេះ បានធ្វើតេស្តមនុស្សសរុបជាង ២៣៤,០០០នាក់ដែលក្នុងនោះ ២០៩,៤០២នាក់ឃើញ «អវិជ្ជមាន» មានន័យថា «គ្មានរោគ COVID-19» ខណៈ ១៧,៧២៧ ផ្សេងទៀតកំពុងត្រូវស្ថិតក្នុងការត្រួតពិនិត្យ ដើម្បីចេញលទ្ធផលចុងក្រោយ៕