(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បាននិយាយថាប្រទេសរបស់លោក នឹងអនុវត្តវិធានការនៅដាច់ដោយឡែកពីគេ ទូទាំងប្រទេស បន្ទាប់ពីរកឃើញអ្នកឆ្លង COVID-19 ថ្មី១៦ករណី ធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសអាមេរិកខាងត្បូងមួយនេះ កើនដល់ ៣៣នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០។
ថ្លែងនៅតាមកញ្ចក់ទូរទស្សន៍រដ្ឋនៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) លោក ម៉ាឌូរ៉ូ បានគូសបញ្ជាក់ដូច្នេះថា៖ «វាគឺជារឿងចាំបាច់ ក្នុងការចាត់ វិធានការឆ្លើយទៅនឹងវិបត្តិដែលទើបចាប់ផ្ដើមមួយនេះ...ដោយនៅថ្ងៃចន្ទសប្ដាហ៍នេះ យើងនឹងចាប់ផ្ដើមអនុវត្តវិធានការនៅដាច់ដោយឡែកពីគេ ទូទាំង ប្រទេស»។
លោកបន្ថែមថា វេណេស៊ុយអេឡា នឹងទទួលបានថ្នាំពេទ្យ និងសម្ភារៈការពារនានាពីគុយបា ក៏ដូចជា ឧបករណ៍ធ្វើតេស្ដរក COVID-19 រាប់ពាន់គ្រឿង ពីប្រទេសចិន៕