(រ៉ង់ហ្គូន)៖ អាជ្ញាធរមីយ៉ាន់ម៉ាបានប្រកាសថា អ្នកផ្ទុកជំងឺ COVID-19 ពីរនាក់ដំបូងត្រូវបានរកឃើញកាលពីល្ងាចថ្ងៃចន្ទ ដែលប្រកាសនេះមានន័យថា មីយ៉ាន់ម៉ាក្លាយជាប្រទេសទី៩ ប្រចាំតំបន់អាស៊ាន ដែលបានកើតមានករណីឆ្លង COVID-19 ដែលនៅសល់តែប្រទេសឡាវមួយទៀតប៉ុណ្ណោះ មិនទាន់មានករណីឆ្លងជំងឺនេះ ត្រូវបានរកឃើញនៅឡើយ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០។

ប្រទេសមីយ៉ាន់ម៉ាដែលមានប្រជាជនសរុប៥៤លាននាក់ បានប្រកាសត្រៀមខ្លួនរួចជាស្រេច តាំងតែពីសប្តាហ៍មុនមកម្ល៉េះ ដើម្បីទប់ស្កាត់ករណីឆ្លង និងរាតត្បាត COVID-19។ គិតមកទល់យប់ថ្ងៃចន្ទម្សិលមិញនេះ មនុស្សសរុប២១៤នាក់ហើយ ត្រូវបានធ្វើតេស្តដោយក្រុមជំនាញមីយ៉ាន់ម៉ា ក្នុងនោះពីរនាក់ចេញលទ្ធផល «វិជ្ជមាន» ចំពោះ COVID-19។

គួរបញ្ជាក់តាមអាជ្ញាធរសុខាភិបាលមីយ៉ាន់ម៉ាថា អ្នកផ្ទុក COVID-19 ដែលត្រូវបានរកឃើញដំបូងនេះ គឺជាបុរសជនជាតិមីយ៉ាន់ម៉ាវ័យ ៣៦ឆ្នាំម្នាក់ ដែលទើបធ្វើដំណើរត្រឡប់មកពីសហរដ្ឋអាមេរិក និងម្នាក់ទៀតវ័យ ២៦ឆ្នាំទើបត្រឡប់មកពីអង់គ្លេស។ អាជ្ញាធរកំពុងតាមដានរកអ្នកធ្លាប់ទាក់ទង ជិតស្និទ្ធជាមួយបុរសទាំងពីរនេះ ដើម្បីឲ្យមកធ្វើតេស្តសុខភាពជាបន្ទាន់៕