(វ៉ាស៊ីនតោន)៖ អង្គការសុខាភាពពិភពលោក (WHO) បានព្រមានថាសហរដ្ឋអាមេរិក អាចនឹងក្លាយជា «ចំណុចកណ្ដាលសកលថ្មី» នៃការឆ្លងរាតត្បាតរបស់ COVID-19 ខណៈករណីឆ្លងនៅក្នុងប្រទេសមហាអំណាចផុតលេខមួយនេះ ហាក់ដូចមិនមានភាពធូរស្រាលឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០។
ក្នុងរយៈពេលត្រឹមតែ២៤ម៉ោងមុន ៨៥ភាគរយនៃករណីឆ្លង COVID-19 ត្រូវបានរាយការណ៍នៅអឺរ៉ុប និងសហរដ្ឋអាមេរិក ហើយក្នុងនោះទៀតសោត មាន ៤០ភាគរយ នៅក្នុងសហរដ្ឋអាមេរិក។ ជាក់ស្ដែង គិតត្រឹមថ្ងៃចន្ទម្សិលមិញ អាជ្ញាធរសុខាភិបាលអាមេរិក បានទទួលស្គាល់ថាអ្នកឆ្លងជំងឺដ៏កាចសាហាវនេះ ទូទាំងប្រទេស បានកើនដល់ច្រើនជាង ៤២,០០០នាក់ និង៥៥៩នាក់បានស្លាប់។
ដោយឡែក ជុំវិញស្ថានការណ៍នេះដែរ ឆ្លើយតបទៅនឹងសំនួរអ្នកសារព័ត៌មាន ក្នុងទីក្រុងហ្សឺណែវ ថាតើសហរដ្ឋអាមេរិក អាចនឹងក្លាយជាចំណុចកណ្ដាលនៃ នៃការឆ្លងរាតត្បាតរបស់ COVID-19 ដែរឬទេ? អ្នកនាំពាក្យអង្គការ WHO លោកស្រី Margaret Harris បានគូសបញ្ជាក់ដូច្នេះថា៖ «បច្ចុប្បន្ន យើងបានឃើញករណី ឆ្លងកើនឡើងយ៉ាងគំហុគនៅក្នុងសហរដ្ឋអាមេរិក...ដូច្នេះរឿងនេះវាអាចនឹងកើតឡើង»។
គួរជម្រាបថា បើតាម Reuters ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងសកលលោកបានកើនដល់ច្រើនជាង ៣៧៧,០០០ករណី នៅទូទាំងប្រទេស និងដែនដីចំនួន១៩៤ និងច្រើនជាង ១៦,៥០០នាក់បានស្លាប់៕