(សេអ៊ូល)៖ កូរ៉េខាងត្បូងនាថ្ងៃពុធនេះ បានរាយការណ៍ពីករណីឆ្លងថ្មីនៃ COVID-19 ចំនួន ១០០នាក់ទៀត ធ្វើឲ្យតួលេខនៃការឆ្លងសរុបកើនដល់ ៩,១៣៧ករណី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០។
យោងតាមមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់កូរ៉េខាងត្បូង KCDC ក្នុងចំណោមករណីថ្មីទាំងនោះ មាន ៣៤ករណីជាអ្នកដំណើរមកពីខាងក្រៅ។ រដ្ឋាភិបាលកូរ៉េខាងត្បូងបានបន្ថែមថា ខ្លួននឹងរឹតបន្តឹងការត្រួតពិនិត្យ ទៅលើអ្នកដំណើរមកពីសហរដ្ឋអាមេរិក ជាទីដែលអង្គការសុខភាពពិភពលោក (WHO) ទើបតែបានប្រកាសថា អាចនឹងក្លាយជាចំណុចកណ្តាលថ្មី នៃការរាតត្បាត COVID-19 ទៅកាន់ពិភពលោក។
កន្លងមកនេះ កូរ៉េខាងត្បូងបានរឹតបន្តឹងការត្រួតពិនិត្យលើអ្នកដំណើរ ដែលមកពីអឺរ៉ុប ចិន អ៉ីតាលី និងអ៉ីរ៉ង់ ឥឡូវនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក ជុង សេគ្យុន (Chung Sye-kyun) បាននិយាយថា វាគួរដល់ពេលដែរហើយ ដែលវិធានការរឹតបន្តឹងបែបនេះ ត្រូវអនុវត្តលើអ្នកដំណើរមកពីអាមេរិក ហើយការចាប់ផ្តើមអនុវត្តអាចនឹងប្រព្រឹត្តទៅ មិនយូរជាងថ្ងៃសុក្រសប្តាហ៍នេះឡើយ។
គួរជម្រាបថា ស្របពេលដែលអត្រានៃការឆ្លងនៅក្នុងប្រទេសបាន និងកំពុងថយចុះ កូរ៉េខាងត្បូងងាកទៅបង្កើនការប្រុងប្រយ័ត្ន ចំពោះការឆ្លងដែលមកពីក្រៅប្រទេសវិញម្តង។ ដោយឡែក ក្នុងចំណោមអ្នកឆ្លងជាង ៩,០០០នាក់នៅកូរ៉េខាងត្បូង មានអ្នកស្លាប់ប្រហែល ១២៦នាក់ និងអ្នកជាសះស្បើយជិត ៣,៥០០នាក់៕