(បាងកក)៖ ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសថៃ បានកើនដល់ ១,០៤៥នាក់ បន្ទាប់ពីការឆ្លងថ្មី ១១១ករណី ត្រូវបានគេរាយការណ៍។ នេះបើតាម រដ្ឋាភិបាលថៃ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០។
នៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលថៃ បានឱ្យដឹងទៀតថា មកទល់ពេលនេះ មនុស្ស៤នាក់ បានស្លាប់ដោយសារ COVID-19។ វិធានការ ដាក់ប្រទេសក្នុងគ្រាមានអាសន្ន បានចូលជាធរមានហើយ ដោយអាជ្ញាធរបាន និងកំពុងបង្កើតប៉ុស្តន៍ត្រួតពិនិត្យ នៅតាមដងផ្លូវសំខាន់ ដែលភ្ជាប់ទៅកាន់ខេត្តនានា នៅក្នុងប្រទេស ព្រមទាំងពង្រឹងវិធានការត្រួតពិនិត្យ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺដ៏កាចសាហាវមួយនេះ។
បន្ថែមពីលើនេះ ក្រោមការអនុវត្តវិធានការបណ្ដោះអាសន្នបច្ចុប្បន្ន ជនបរទេសដែលមិនមែនជាពលរដ្ឋ ឬអ្នកស្នាក់អចិន្ត្រៃយ៍ ក៏ត្រូវបានជាប់បំរាមចូលមក ក្នុងប្រទេសថៃផងដែរ ខណៈការជួបជុំ ឬការប្រមូលផ្ដុំ សុទ្ធតែត្រូវបានហាមឃាត់ដូចគ្នា ហើយអាជ្ញាធរបានស្នើឱ្យមនុស្សចាស់ ឬក៏អ្នកមានសុខភាពទន់ខ្សោយ ត្រូវស្ថិតនៅក្នុងផ្ទះ។ ដោយឡែក ពិធីជួបជុំមួយចំនួន ដូចជាពិធីមង្គលការ ក៏ដូចជាសម្មភាពជួបជុំក្នុងគ្រួសារ ត្រូវបានអនុញ្ញាត តែត្រូវអនុវត្តតាមវិធានការដាក់ចេញ ដាក់ចេញដោយអាជ្ញាធរ៕