(សេអ៊ូល)៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់កូរ៉េខាងត្បូង ដែលហៅកាត់ថា KCDC បានរាយការណ៍ឲ្យដឹងថា កូរ៉េខាងត្បូងបានកត់ត្រាករណីអ្នកឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន១០៤ករណីបន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០។
បើបូកបញ្ចូលទាំងករណីឆ្លងថ្មីខាងលើ វាបានធ្វើឲ្យចំនួនករណីឆ្លងសរុបនៅក្នុងប្រទេសអាស៊ីខាងកើតមួយនេះ បានកើនដល់៩,២៤១នាក់ នៅទូទាំងប្រទេស ក្នុងនោះ១៣១នាក់បានបាត់បង់ជីវិត។ អាជ្ញាធរកូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងរឹតបន្តឹងការត្រួតពិនិត្យលើការធ្វើដំណើរចេញចូលប្រទេសបន្ថែមទៀត ជាពិសេសគឺទៅលើអ្នកដំណើរដែលមកពីសហរដ្ឋអាមេរិកនៅថ្ងៃសុក្រស្អែកនេះតែម្តង ខណៈក្តីបារម្ភចេះតែកើនឡើងខ្លាំងចំពោះករណីនាំចូលពីប្រទេសខាងក្រៅ បើទោះបីជាករណីក្នុងស្រុក មានការធ្លាក់ចុះច្រើនក៏ដោយ។
កន្លងមករដ្ឋាភិបាលទីក្រុងសេអ៊ូល បានដាក់ការត្រួតពិនិត្យតាមព្រំដែនយ៉ាងតឹងរ៉ឹងលើភ្ញៀវទេសចរមកពីអ៊ឺរ៉ុប ចិន អ៊ីតាលី និងអ៊ីរ៉ង់ ដែលតម្រូវឲ្យពួកគេទាំងនោះចុះឈ្មោះលើកម្មវិធីស្មាតហ្វូនមួយ ក្នុងគោលបំណងតាមដានស្ថានភាពសុខភាពរបស់ពួកគេឲ្យបានដិតដល់។ ហើយវិធានការដាក់ឲ្យនៅដាច់ដោយឡែកពីគេរយៈពេលពីរសប្តាហ៍ ក៏ត្រូវបានអនុវត្តលើពួកគេផងដែរ៕