(ស៊ីដនី)៖ ក្រុមអ្នកស្រាវជ្រាវអូស្ត្រាលីបាននិងកំពុងរៀបចំការធ្វើតេស្ដ ទ្រង់ទ្រាយធំមួយលើក្រុមមនុស្ស ដើម្បីពិនិត្យថាតើវ៉ាក់សាំង ដែលគេប្រើប្រាស់អស់រយៈពេលរាប់ទសវត្សរមកនេះ ដើម្បីបង្ការ និងប្រឆាំងមេរោគជំងឺរបេង (TB) ឈ្មោះ BCG អាចការពារបុគ្គលិកសុខាភិបាល ពីជំងឺឆ្លងរាតត្បាតសកល COVID-19 បានដែរឬទេ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០។
បើតាមសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃសុក្រនេះ ដោយក្រុមអ្នកស្រាវជ្រាវអូស្ត្រាលី មកពីវិទ្យាស្ថានស្រាវជ្រាវកុមារមើដុក (Murdoch Children) មានមូលដ្នានក្នុងទីក្រុង មែលប៊ន (Melbourne) ការធ្វើតេស្តសាកល្បងលើវ៉ាក់សាំង BCG នឹងត្រូវអនុវត្តជាមួយបុគ្គលិកសុខាភិបាល ៤,០០០នាក់តាមមន្ទីរពេទ្យជាច្រើន នៅក្នុងប្រទេសអូស្ត្រាលី ក្នុងគោលបំណងកំណត់ថា តើវ៉ាក់សាំងនេះអាចប្រយុទ្ធប្រឆាំង ឬកាត់បន្ថយរោគសញ្ញា COVID-19 បានដែរឬក៏យ៉ាងណា។
សេចក្ដីថ្លែងការណ៍ដដែល បានគូសបញ្ជាក់ដូច្នេះថា «BCG ត្រូវបានគេអភិវឌ្ឍដោយវត្ថុបំណងដើម ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ-ជំងឺរបេង ហើយវានៅតែបន្តជួយដល់ទារក ១៣០លាននាក់ជារៀងរាល់ឆ្នាំ ក្នុងវត្ថុបំណងដូចគ្នានេះ ព្រោះវ៉ាក់សាំង BCG ក៏មានសមត្ថភាពបង្កើន និងជំរុញប្រព័ន្ធភាពសាំជួរមុខរបស់មនុស្សផងដែរ ដើម្បីឆ្លើយតបយ៉ាងខ្លាំងក្លាទៅនឹងមេរោគ... ដូច្នេះយើងសង្ឃឹមថា យើងអាចនឹងបានឃើញវ៉ាក់សាំងនេះ ជួយកាត់បន្ថយរោគសញ្ញាធ្ងន់ធ្ងរនៃជំងឺ COVID-19 នៅក្នុងខ្លួនបុគ្គលិកសុខាភិបាល ដែលទទួលការចាក់វ៉ាក់ BCG ជាតេស្តសាកល្បង»។
គួរជម្រាបថា បើតាមក្រុមអ្នកវិទ្យាសា្រវជ្រាវអូស្ត្រាលី បុគ្គលិកសុខាភិបាល ៤,០០០នាក់ នឹងចូលរួមក្នុងការធ្វើតេស្ដវ៉ាក់សាំង BCG ក្នុងរយៈពេលច្រើនសប្ដាហ៍ ក្រោមនីតិវិធីតាមដានស្ថានការណ៍ដ៏រហ័ស ដែលទទួលបានការអនុញ្ញាតពីរដ្ឋ និងអាជ្ញាធរសុខាភិបាលសហព័ន្ធ ខណៈការធ្វើតេស្ដស្រដៀងគ្នានេះ ក៏កំពុងដំណើរការផងដែរ នៅតាំងប្រទេសមួយចំនួន ដូចជានៅ ហូឡង់ អាល្លឺម៉ង់ និងចក្រភពអង់គ្លេសជាដើម៕