(ឡុងដ៍)៖ ទីប្រឹក្សាជាន់ខ្ពស់របស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson គឺលោក Dominic Cummings បានដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែកពីគេ បន្ទាប់ពីចេញរោគសញ្ញា COVID-19 តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Johnson ត្រូវបានធ្វើតេស្ដវិជ្ជមាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០។

លោក Cummings ដែលជាមនុស្សមានឥទ្ធិពលម្នាក់ ក្នុងជួររដ្ឋាភិបាលអង់គ្លេស បានលេចចេញរោគសញ្ញា COVID-19 កាលពីចុងសប្ដាហ៍កន្លងទៅ ហើយបច្ចុប្បន្ន លោកកំពុងស្នាក់នៅដាច់ដោយឡែកពីគេនៅក្នុងផ្ទះ។ លោក Johnson កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានក្លាយជាមេដឹកនាំពិភពលោកដំបូងគេ ដែលឆ្លង COVID-19 ហើយក្រៅពីលោក រដ្ឋមន្ត្រីសុខាភិបាលចក្រភពអង់គ្លេស លោក Matt Hancock ក៏ត្រូវបានធ្វើតេស្ដវិជ្ជមានផងដែរ ខណៈទីប្រឹក្សាវេជ្ជសាស្ត្ររដ្ឋាភិបាល លោក Chris Whitty បានដាក់ខ្លួននៅដាច់ដោយឡែកពីគេ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ ចំនួនអ្នកស្លាប់ ដោយសារ COVID-19 នៅក្នុងចក្រភពអង់គ្លេស បានកើនដល់ ១,២២៨នាក់ ហើយមនុស្ស ១២៧,៧៣៧នាក់ បានទទួលការធ្វើតេស្ដ ក្នុងនោះ ១០៨,២១៥នាក់ ត្រូវបានធ្វើតេស្ដ «អវិជ្ជមាន» និង១៩,៥២២នាក់ មានផ្ទុក COVID-19៕