(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ត្រូវបានធ្វើតេស្ដអវិជ្ជមាន COVID-19 តែមួយប៉ុណ្ណោះបន្ទាប់ពីលោកបានចេញពីមន្ទីរពេទ្យ។ នេះ បើតាមលោក James Slack ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Fox News នៅថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០។
លោក James Slack ដែលជាអ្នកនាំពាក្យរបស់លោក Johnson បានបញ្ជាក់ទៀតថា លោកនាយករដ្ឋមន្ត្រីអង់គ្លេស ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យ ចាកចេញពីមន្ទីរពេទ្យ St. Thomas ក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃអាទិត្យ ហើយពេលនេះលោកកំពុងស្នាក់នៅឯ Chequers ជាគេហដ្ឋានសម្រាប់នាយករដ្ឋមន្ត្រី ក្រោមការថែទាំយ៉ាងដិតដល់ បើទោះជាលោកបានជាសះស្បើយក៏ដោយ។
លោក Johnson បានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ St. Thomas កាលពីថ្ងៃទី៥ ខែមេសា ក្រោយរោគសញ្ញា COVID-19 មានសភាពធ្ងន់ធ្ងរឡើង និងក្រោយមក ត្រូវបានបញ្ជូនទៅកាន់បន្ទប់សង្រ្គោះបន្ទាន់ ជាទីដែលលោកបានទទួលជំនួយអុកស៊ីហ្សែន តែមិនមែនឧបករណ៍ដកដង្ហើមនោះទេ៕