(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់រដ្ឋចិននៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០ នេះបានបង្ហើបប្រាប់ឲ្យដឹងថា អាជ្ញាធរចិនបានយល់ព្រមលើការដកពិសោធន៍ថ្នាំវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 ចំនួនពីរប្រភេទទៅលើមនុស្ស។ នេះបើយោងតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA។
ក្នុងចំណោមវ៉ាក់សាំងទាំងពីរប្រភេទខាងលើនេះ មួយត្រូវបានបង្កើតឡើងដោយអង្គភាពជីវបច្ចេកវិទ្យាស៊ីណូវ៉ាក់ ( Sinovac Biotech) ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង និងមួយទៀតត្រូវបានបង្កើតឡើងដោយ វិទ្យាស្ថានវូហាននៃផលិតផលជីវសាស្ត្រ ដែលជាក្រុមហ៊ុនមួយរបស់ក្រុមជំនាញវេជ្ជសាស្ត្រចិន គ្រប់គ្រងដោយរដ្ឋ។
គួរជម្រាបថា កាលពីខែមីនាកន្លងទៅនេះ ភ្លាមៗបន្ទាប់ពីក្រុមហ៊ុនផលិតថ្នាំអាមេរិកមួយ ដែលមានឈ្មោះថាម៉ូឌឺណា (Moderna) បានប្រកាសថា ខ្លួនបានធ្វើការជាមួយ វិទ្យាស្ថានសុខភាពជាតិអាមេរិក ក្នុងតេស្តសាកល្បងថ្នាំវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 ប្រទេសចិនឯណោះវិញ ក៏បានផ្តល់ភ្លើងខៀវដល់បណ្ឌិតសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រយោធារបស់ខ្លួន ក្នុងការធ្វើតេស្តថ្នាំវ៉ាក់សាំងប្រភេទនេះផងដែរ។
ទោះជាយ៉ាងណា លក្ខណៈលម្អិតនៃការធ្វើតេស្ត និងប្រសិទ្ធភាពនៃថ្នាំវ៉ាក់សាំងខាងលើនេះ គឺត្រូវរង់ចាំពេលវេលាយូរទៅមុខទៀត ដើម្បីបានដឹងពីលទ្ធផល។ មិនត្រឹមតែប្រទេសចិន និងអាមេរិកនោះឡើយ គឺប្រទេសធំៗផ្សេងទៀតដូចជា អូស្ត្រាលី ជប៉ុន បារាំង អាល្លឺម៉ង់ និងកូរ៉េខាងត្បូងត្បូងជាដើម សុទ្ធតែកំពុងព្យាយាមអភិវឌ្ឍវ៉ាក់សាំង ប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី (COVID-19) នេះដូចគ្នា ប៉ុន្តែវានៅតែត្រូវការពេលយូររាប់ខែបន្ថែមទៀត ដើម្បីបានដឹងពីប្រសិទ្ធភាពពិតប្រាកដ៕